សហព័ន្ធស្រូវអង្ករកម្ពុជា៖ ការនាំចេញអង្ករពីកម្ពុជាទៅអឺរ៉ុប មាននិន្នាការកើនឡើងវិញ បន្ទាប់ពីការយកពន្ធផុតសុពលភាព

ភ្នំពេញ ៖ និន្នាការនាំចេញអង្កររបស់កម្ពុជាទៅកាន់អឺរ៉ុបបានស្ទុះឡើងវិញ បន្ទាប់ពីការកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបរយៈ ៣ឆ្នាំបញ្ចប់សុពលភាព កាលពីខែមករា ឆ្នាំ២០២២។ ឯកឧត្តម លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការកើនឡើងវិញនៃការនាំចេញទៅអឺរ៉ុបនេះ បានមកពីបច្ច័យល្អនៃការផុតសុពលភាព ការយកពន្ធលើអង្ករកម្ពុជា ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

ឯកឧត្តមថា កំណើនឡើងវិញនៃការនាំចេញអង្ករទៅកាន់ទ្វីបអឺរ៉ុបនេះ គឺបង្ហាញពីការវិលត្រឡប់ទៅរកស្ថានភាពដើមមុនឆ្នាំ២០១៩ ដែលមិនទាន់មានការដាក់ពន្ធ។ ពេលគេដាក់ពន្ធ យើងនាំចេញបានតែអង្ករក្រអូបទេ តែពេលដកពន្ធវិញ យើងអាចនាំចេញបានទាំងអង្ករក្រអូប អង្ករស និងអង្ករចំហុយជាដើម។

ឯកឧត្តមបន្ថែមថា ចំពោះតម្លៃដឹកជញ្ជូនអង្ករទៅកាន់អឺរ៉ុបនៅតែមានតម្លៃថ្លៃដដែល គ្រាន់តែពេលនេះការកក់ទូកុងតឺន័រ និងការដឹកជញ្ជូនមានភាពងាយស្រួលជាងមុន។ គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅអឺរ៉ុបនឹងកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា ដោយឆ្នាំទី១ គឺឆ្នាំ២០១៩ យកពន្ធ ក្នុងតម្លៃ១៧៥អឺរ៉ូ ឬស្មើនឹងប្រមាណ ២០០ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី២ កំណត់យកពន្ធមកនៅត្រឹម១៥០អឺរ៉ូ ឬស្មើនឹងជាង១៧០ ដុល្លារអាមរិក និងឆ្នាំទី៣ ការយកបានថយចុះមកនៅ១២៥អឺរ៉ូ ឬស្មើនឹងជាង ១៤០ដុល្លារអាមេរិកក្នុងមួយតោន។

បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល ៥ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជានាំចេញអង្ករទៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ៨៨,១៦៧តោន ឬស្មើនឹង ៣១% មានកំណើនចំនួន ៤៩.២៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ប្រទេសបារាំងជាប់ចំណាត់លេខ១ ក្នុងទ្វីបអឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ។

ក្នុងរយៈពេល៥ខែមកនេះ បារាំងទិញអង្ករជាង ៣.៦ម៉ឺនតោន និងលេខ២ ហូឡង់ ចំនួនជាង១០,០០០តោន៕ ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner