សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) បានឈ្នះជ័យលាភីធំៗចំនួន ០២ នៅទីក្រុង Umeå ប្រទេសស៊ុយអែត
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) បានឈ្នះជ័យលាភីធំៗចំនួន ០២ នៅទីក្រុង Umeå ប្រទេសស៊ុយអែត ។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានពានរង្វាន់ជា «សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ» (Best Asian Cookbook) ក្នុងកម្មវិធី Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីសកន្លងទៅនេះ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបរៀងឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានដាក់ប្រកួតសារជាថ្មីម្តងទៀត ក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ (Umeå) នាថ្ងៃទី២-៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Umeå ប្រទេសស៊ុយអែត។
សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) បានឈ្នះជ័យលាភីធំៗចំនួន ០២ បន្ថែមទៀត រួមមាន៖ «សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ» (Best Asian Cuisine Book) និង សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ» (Heads of State/Food)។ គួរបញ្ជាក់ផងដែរថា សៀវភៅម្ហូបនេះបានទទួលជ័យលាភី ២ឆ្នាំជាប់គ្នាពី Gourmand World Cookbook Awards។ ទន្ទឹមនឹងនេះ សៀវភៅ «តម្រាភោជនាហារ» (The Culinary Art of Cambodia) ពីប្រទេសកម្ពុជា ក៏បានទទួលជ័យលាភីពិសេសពីគណៈវិនិច្ឆ័យ (Special Award of the Jury) នៃ Gourmand World Cookbook Awards 2022 ផងដែរ។
ស្ថាបនិកកម្មវិធី Gourmand Cookbook Awards លោក Edouard Cointreau បានលើកឡើងថា សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» គឺជាឧទាហរណ៍មួយនៃសៀវភៅម្ហូបដែលលេចធ្លោបំផុត ដោយបានឆ្លុះបញ្ចាំងពីកេរដំណែល និងភាពរុងរឿង នៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ប្រពៃណី និងសិល្បៈម្ហូបខ្មែរ ដែលគួរតែបានចែករំលែកជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក តាមរយៈការផ្សព្វផ្សាយពីអរិយធម៌ដ៏យូរលង់របស់កម្ពុជា មានអាយុកាលជាង ១ សហស្សវត្ស។
សមិទ្ធិផលដ៏វិសេសវិសាលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយលើកតម្កើងកិត្យានុភាពជាតិកម្ពុជា នៅលើឆាកអន្តរជាតិ ខណៈដែលការទូតម្ហូបអាហារគឺជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ មោទនភាពជាតិ នាពេលនេះ នឹងក្លាយជាជំហានថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការពង្រឹងវិស័យការទូតម្ហូបអាហារ តាមរយៈការលើកតម្កើងកិត្តិនាមជាតិ និងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់កម្ពុជា សំដៅរួមចំណែកសម្រេច បាននូវចក្ខុវិស័យជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕ ដោយ សួង ពិសិដ្ឋ










