ក្រុមបញ្ញាញាណជាន់ខ្ពស់អន្តរជាតិយល់ស្របថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជាដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌

ភ្នំពេញ ៖ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ វិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសចិនសម្រាប់កិច្ចការអន្តរជាតិបានរៀបចំវេទិកាវិទ្យាសាស្រ្តស្តីពីមាគ៌ាប្រជាធិបតេយ្យក្នុងយុគសម័យថ្មី។ ក្នុងនាមជាវាគ្មិនកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងទៅកាន់អង្គវេទិកាដែលមានវាគ្មិនជាអ្នកនយោបាយ អ្នកការទូត អ្នកសិក្សាស្រាវជ្រាវមកពីប្រទេសចិន រុស្ស៊ី អ៊ុបេគីស្ថាន បេឡារុស គីស៊ីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ តាជីគីស្ថាន អាហ្សាបេលហ្សង់ និងអាមេនី ដោយបានរំលេចពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ដែលបានផ្តល់ដល់អ្នកបោះឆ្នោត និងអ្នកដែលឈរឈ្មោះបោះឆ្នោត ក្នុងពេលដែលប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ ។

លោកបណ្ឌិតក៏បានលើកឧទាហរណ៍ជាក់ស្តែងដោយរំលេចពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន ១៧បានចូលរួមឈរឈ្មោះ ហើយមានប្រជាពលរដ្ឋកម្ពុជាទៅបោះឆ្នោតចំនួន ៧.១លាននាក់ស្មើនឹង ៧៧.៩១% ត្រូវបានវាយតម្លៃមិនត្រឹមតែបក្សនយោបាយ ប្រជាពលរដ្ឋកម្ពុជា និងក្រុមអ្នកសង្កេតការណ៍ជាតិនៅទូទាំងប្រទេសកម្ពុជានោះទេ តែថែមទាំងទទួលបាននូវការវាយតម្លៃពីស្ថានទូតបរទេសនៅកម្ពុជារួមមាន ស្ថានទូតចិន ស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម រួមជាមួយតំណាងស្ថាប័នអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ(CAPDI), AIPA, IPTP, ICAPP, Independent Observers, Think Tank 2022, CDI និងសហគមន៍ខ្មែររស់នៅបរទេស ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។

លោកបណ្ឌិតក៏បានបង្ហាញជូនវេទិកាពីមាគ៌ាប្រជាធិបតេយ្យនៅកម្ពុជាថាមិនមែនជារូបមន្តសម្រាប់ប្រទេសដទៃយកទៅអនុវត្ត តែវាជាគំរូមួយ ឬជាគោលការណ៍សមស្របមួយសម្រាប់ប្រទេសកម្ពុជាយកមកអនុវត្តហើយទទួលបាននូវទំនុកចិត្តនិងជំនឿជាក់ពីប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់អំណាច និងជាម្ចាស់ឆ្នោត រួមជាមួយការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ។

លោកបណ្ឌិតក៏បានរំលេចផងដែរពីមាគ៌ាប្រជាធិបតេយ្យនៅក្នុងប្រទេសចិនដែលមានលក្ខណៈជាប្រជាធិបតេយ្យបែបពិគ្រោះយោបល់ ដែលវាជាទម្រង់ពិសេសនិងជាកម្លាំងដ៏ខ្លាំងក្លានៃលទ្ធិសង្គមនិយមតាមបែបផែនចិន។ វាជាសមិទ្ធផលដ៏សំខាន់មួយនៃមាគ៌ារបស់ប្រជាជនចិនក្នុងវិស័យនយោបាយ រួមជាមួយការចូលរួមរបស់ប្រជាជនចិននៅក្នុងការអភិវឌ្ឍប្រទេសចិនថែមទៀតផង។

វេទិកាទាំងមូលបានយល់ស្របជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ថាមាគ៌ាប្រជាធិបតេយ្យរបស់ប្រទេសនីមួយៗមានលក្ខណៈសមស្របនឹងស្ថានការណ៍ វប្បធម៌ និងស្ថានភាពរស់នៅរបស់ប្រជាជន ហើយប្រជាធិបតេយ្យត្រូវបានវាយតម្លៃតាមរយៈសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលជាពិសេសជីវភាពរស់នៅកាន់តែប្រសើររបស់ប្រជាជន ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner