ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យរងការខូចខាត់អស់ទាំងស្រុង នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ចំណុចផ្ទះលក់ចាប់ហួយ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង នៅភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះខាងលើនេះ ទី១-ឈ្មោះ អ៊ុក សារ៉ុម ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរលក់ដូរ។ ម្ចាស់ទី២-ឈ្មោះ អ៊ុក ផាន់ណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ។ និងម្ចាស់ទី៣-ឈ្មោះ ប៉ុល សុភី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់កង់បី។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះលក់ចាប់ហួយមួយខ្នង យ៉ាងខ្មួលខ្មាញ់ នៅជាន់ខាងលើទីមួយ ដោយសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង ខណៈពេលនោះ រូបគាត់ក៏បានស្រែកប្រាប់ម្ចាស់ផ្ទះថា មានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះខាងលើជាន់ទីមួយ ហើយម្ចាស់ផ្ទះបានរត់ចេញខាងមកក្រៅ ក៏ស្រាប់តែភ្លើងកាន់តែឆេះខ្លាំងឡើងៗ យ៉ាងសន្ធោសន្ធៅ ទើបបង្កការផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យមើលជាក់ស្ដែង។
ភ្លាមៗនោះ ខាងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមើលឃើញថាស្ថានភាព មិនអាចគ្រប់គ្រងបាន ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែក កម្លាំងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ចេញរថយន្តជាច្រើនគ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍ បាញ់ទឹកបន្លត់បានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនីទុស្សេខ្សែភ្លើងនៅខាងលើផ្ទះជាន់ទីមួយ ឆេះប្រភេទសំណង់ ថ្មក្រោមលើឈើ ទំហំ (៨ម៉ែត្រ គុណ ១២ម៉ែត្រ) ខូចខាតសម្ភារៈ: ឆេះ ខូចខាតផ្ទះ១ខ្នងអស់ទាំងស្រុងទំហំ (៨ម៉ែត្រ គុណ ១២ម៉ែត្រ) ស្មើរនឹង ៣បន្ទប់ និងសម្ភារៈប្រើប្រាស់អស់ ៨០% និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តជំនួយអន្តរាគមន៍ រថយន្តការិយាល័យនគរបាលអគ្គិភ័យ សរុបចំនួន ៧គ្រឿង ប្រេីប្រាស់ទឹកអស់ ១៧ឡាន ស្មើរនឹង ៥៨ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣៥នាទី ដើម្បីធ្វើការបានបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ ៖ ឆៃហួត និងប៊ុនធី








