រថយន្តស៊េរីទំនេីបបុកជាមួយរថយន្តកុងតឺន័រនៅផ្លូវជាតិលេខ១ពេញទំហឹង រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ
ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន និងទំនងជាងងុយដេក បានរេចង្កូត ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តសណ្ដោងកុងតឺន័រ ដែលធ្វើដំណើរបញ្ច្រាស់ទិញគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យតៃកុងរថយន្តស៊េរីទំនើបរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Hyundai Santafe ពណ៍ស ពាក់ផ្លាកលេខ កម្ពុជា NOV . RINA ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុច កេីតហេតុខាងលេីទំនងជាងងុយដេក ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តសណ្ដោងកុងតឺន័រ ក្បាលពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5193 ដែលកំពុងធ្វេីដំណេីរ បញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យ បុរសជាម្ចាស់រថយន្ត Hyundai រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗ ។ ចំណែករថយន្តទាំងពីរគ្រឿងក៏រងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងដូចគ្នា យ៉ាងដំណំ រីឯតៃកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា




