ថៃពិចារណាលុបចោលកាតព្វកិច្ចពាក់ម៉ាស់ តែឆ្លងប្រចាំថ្ងៃនៅតែរាប់ពាន់នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃនឹងស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) លុបចោលកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ និងបន្ធូរបន្ថយការកម្រិតប្រុងប្រយ័ត្នខ្លាំងលើបញ្ហា Covid-19 ដល់កម្រិតទី ២ នៅសប្តាហ៍ក្រោយ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល Kiattiphum Wongrajit បាននិយាយថា ប្រសិនបើមជ្ឈមណ្ឌលនេះយល់ព្រមនឹងអនុសាសន៍របស់ក្រសួងសុខាភិបាលនោះ ការសម្រេចចិត្តចុងក្រោយ នឹងត្រូវឆ្លងក្រុមប្រឹក្សាប្រតិបត្តិរបស់ CCSA ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។
ជាការកត់សម្គាល់ គម្រោងលុបចោលកាតព្វកិច្ចការពាក់ម៉ាស់នេះ ត្រូវបានបង្ហើបឲ្យដឹង ក្រោយពេលសង្កេតឃើញថា ឧត្តមសេនីយ៍ ប្រាយុទ្ធ មិនបានពាក់ម៉ាស់ទេ ក្នុងអំឡុងពេលសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ មិថុនា។
ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ដ្រីសុខាភិបាលសាធារណៈ លោក Anutin Charnvirakul បាននិយាយថា CCSA ក៏នឹងពិចារណាលើសំណើមួយទៀតរបស់អភិបាលក្រុងបាងកក លោក Chadchart Sittipunt ដើម្បីអនុញ្ញាតឱ្យប្រជាជនក្នុងទីក្រុងនេះ មិនពាក់ម៉ាស់នៅកន្លែងសាធារណៈ និងសួនកម្សាន្ត។
យ៉ាងណាក៏ដោយ ថៃនៅតែបន្តឆ្លងកូវីដ១៩ ជាប្រចាំថ្ងៃ រាប់ពាន់នាក់ ស្លាប់រាប់សិបនាក់។ ជាក់ស្តែង នាព្រឹកថ្ងៃទី១០ មិថុនា ក្រសួងប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានមនុស្ស ២៨៣៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៤នាក់ស្លាប់ បន្ថែមទៀត ៕ សារ៉ាត

