ឥណ្ឌូនេស៊ីពន្លឿនការនាំចេញប្រេងដូងឆៅវិញ ឲ្យបាន ១លានតោន
អត្ថបទដោយ៖
លន់ សារ៉ាត
ហ្សាកាតា៖ ឥណ្ឌូនេស៊ី បានចាប់ផ្តើមគម្រោងពន្លឿនការនាំចេញ ប្រេងដូងឆៅ និងផលិតផលប្រេងដូងឡើងវិញ យ៉ាងហោចណាស់ ១លានតោន ពោលគឺបន្ទាប់ពីមានការហាមឃាត់ការនាំចេញ នាពេលថ្មីៗនេះ។
ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ថា បទប្បញ្ញត្តិស្តីពីការជំរុញនាំចេញ ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី៩ មិថុនា បានឲ្យដឹងថា គម្រោងនេះមានប្រសិទ្ធភាព ភ្លាមៗ ហើយគម្រោងពន្លឿនការនាំចេញអនុវត្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា។ បទប្បញ្ញត្តិដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនាបានឱ្យដឹងថា ប្រសិនបើតម្រូវឱ្យមានកូតានាំចេញច្រើនជាង នោះកូតាអាចលើសពីដែនកំណត់ ១លានតោន។
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេក្នុងពិភពលោក បានអនុញ្ញាតឱ្យមានការនាំចេញឡើងវិញកាលពីថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីហាមឃាត់ការនាំចេញរយៈពេល ៣ សប្តាហ៍ក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ប្រេងឆាក្នុងស្រុក និងរក្សាតម្លៃមិនឱ្យកើនឡើង៕ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ