ក្រុមក្មេងទំនើងចំនួន៩នាក់ ដែលកាប់បំផ្លាញម៉ូតូសិស្សសាលាជម្ពូរវ័ន្ត ត្រូវបានសមត្ថកិច្ចចម្រុះនគរបាលរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួន
ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ មានជនសង្ស័យចំនួន ៩នាក់ត្រូវបានបង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធករណីប្រើកាំបិតនិងដាវបានធ្វើសកម្មភាពកាប់ប្រហាម៉ូតូសិស្សសាលាជម្ជូវ័ន្តបណ្តាលឱ្យរងការខូចខាតចំនួន ៥គ្រឿងនាពេលកន្លងទៅ ។
មុននិងកម្លាំងជំនាញចេញប្រតិបត្តិការណ៍ចុះបង្ក្រាប គឺមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ទើបស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះបាន។
បច្ចុប្បន្ននេះជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។
គួររំលឹកថា កាលពីវេលាម៉ោង២ និង ៥០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចហាងកាហ្វេមួយកន្លែង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានជនរងគ្រោះមានគ្នាជាង ១០នាក់ជិះម៉ូតូចំនួន ៥គ្រឿងមកអង្គុយផឹកការហ្វេក្នុងហាងមួយកន្លែង បន្ទាប់មកស្រាប់តែមានជនបង្កមួយក្រុមប្រដាប់ដោយកាំបិតនិងដាវមកធ្វេីសកម្មភាពកាប់ប្រហាទៅលេីម៉ូតូសិស្សសាលាបណ្តាលឱ្យរងការខូចខាតចំនួន ៥គ្រឿងដោយមិនដឹងមូលហេតុហេីយជនដៃដល់បានគេចខ្លួនបាត់ដោយសុវត្តិភាព ៕ ដោយ ៖ ភារ៉ា និងប៊ុនធី





