លោក ឡារូវ ៖ រុស្ស៊ីគាំទ្រការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងអាមេនី និងអាស៊ែបៃហ្សង់
យ៉េរ៉េវ៉ាន់៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងរួមចំណែកដល់ការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងរវាងអាមេនី និងអាស៊ែបៃហ្សង់។
ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសអាមេនី លោក អារ៉ារ៉ាត់ មីហ្សូយ៉ាន បន្ទាប់ពីកិច្ចប្រជុំរបស់ពួកលោក លោក ឡារូវ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញបន្ថែមទៀត នូវដំណើរការនៃការធ្វើឱ្យទំនាក់ទំនងរវាងអាមេនី-អាស៊ែបៃហ្សង់មានលក្ខណៈធម្មតាឡើងវិញ។
ជាមួយគ្នានេះ លោក ឡារូវ បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការព្រំដែនអាមេនី-អាស៊ែបៃហ្សង់ លើការកំណត់ព្រំដែន ដោយនិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយប្រឹក្សាយោបល់ក្នុងរឿងនេះ។
នាឱកាសនោះដែរ លោក មីហ្សូយ៉ាន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រុស្ស៊ី ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ណាហ្គោណូ-ការ៉ាបាក់ (Nagorno-Karabakh)៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


