ការឈ្លានពានរបស់រុស្ស៊ីធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនគិតជាទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ
កៀវ៖ សាកលវិទ្យាល័យអ៊ុយក្រែនមួយ បានបញ្ជាក់ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសខ្លួន ដោយសារការឈ្លានពានរបស់រុស្ស៊ីបានកើនឡើងដល់ទឹកប្រាក់ ១០៣.៩ពាន់លានដុល្លារ។
សាលាសេដ្ឋកិច្ចទីក្រុងកៀវបានផ្តល់ការប៉ាន់ប្រមាណខាងលើនេះ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ បើតាមរបាយការណ៍ដដែលនេះ ការខូចខាតដោយផ្ទាល់ដល់អគារលំនៅដ្ឋានមានទឹកប្រាក់ចំនួន ៣៩.៣ពាន់លានដុល្លារគិតត្រឹមថ្ងៃពុធទី៨ ខែមិថុនា ឆ្នាំ២០២២។ តួលេខផ្លូវការត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣០ពាន់លានដុល្លារ ក្នុងនោះសហគ្រាសឧស្សាហកម្ម និងរោងចក្រមានចំនួន ១១.៤ពាន់លានដុល្លារ អាកាសយានដ្ឋានស៊ីវិលមានតម្លៃ ៦.៨ពាន់លានដុល្លារ និងស្ថានីយ៍រថភ្លើង និងទីតាំងពាក់ព័ន្ធមានចំនួន ២.៦ពាន់លានដុល្លារ។
របាយការណ៍ខាងលើក៏បានបង្ហាញពីការកើនឡើង នៃការខូចខាតដល់គ្រឿងបរិក្ខារពេទ្យ និងសាលារៀនផងដែរ។ របាយការណ៍នេះបានឱ្យដឹងទៀតថា គ្រឹះស្ថានអប់រំមធ្យមសិក្សា និងឧត្តមសិក្សាបានទទួលរងការខូចខាតគិតជាទឹកប្រាក់ចំនួន ១.៦ពាន់លានដុល្លារ ស្ថាប័នថែទាំសុខភាពមានចំនួន ១.១ពាន់លានដុល្លារ និងសាលាមត្តេយ្យមានចំនួន ៥០០លានដុល្លារ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា




