ប្រមុខការពារជាតិអ៊ុយក្រែនអំពាវនាវសុំជំនួយសព្វាវុធបន្ថែមជាបន្ទាន់ ដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី
កៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកស៊ី រ៉េសនូកូវ បានថ្លែងអំណរគុណដល់បណ្តាប្រទេសផ្សេងទៀត សម្រាប់ការគាំទ្រផ្នែកយោធារបស់ពួកគេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការជំនួយសព្វាអាវុធបន្ថែមទៀតជាបន្ទាន់។
លោក រ៉េសនូកូវ បានគូសបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ុយក្រែនបានទទួលប្រព័ន្ធកាំភ្លើងធំពីសហរដ្ឋអាមេរិក បារាំង និងប៉ូឡូញ។ លោកថា បន្ថែមលើនេះ ក៏មានរថពាសដែកប្រហែល ២៥០គ្រឿង និងអាវុធចល័តរាប់ពាន់គ្រឿង ដូចជាមីស៊ីលប្រឆាំងរថក្រោះ Javelin ក៏ត្រូវបានផ្តល់ជូនផងដែរ។ លោក រ៉េសនូកូវ បន្តថា ប្រទេសរបស់លោកបានទទួលយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង ហើយថា អ៊ុយក្រែនរំពឹងថា នឹងទទួលបានយន្តហោះគ្មានមនុស្សបើកដ៏ទំនើបមួយចំនួនទៀតក្នុងកញ្ចប់ជំនួយនៅពេលខាងមុខនេះ។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ បានសម្តែងការដឹងគុណចំពោះការគាំទ្រផ្នែកយោធាដែលផ្តល់ដល់អ៊ុយក្រែន។ ប៉ុន្តែលោកបាននិយាយថា លោកមិនពេញចិត្តចំពោះចង្វាក់ និងបរិមាណនៃការផ្គត់ផ្គង់អាវុធនោះទេ ដោយលោកបានជំរុញឱ្យបណ្តាប្រទេសលោកខាងលិចផ្តល់អាវុធឱ្យបានលឿនបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែនចាប់ផ្តើមការវាយលុក៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



