លោក ពូទីន៖ ទណ្ឌកម្មលោកខាងលិចមិនអាចធ្វើឱ្យរុស្ស៊ីនៅឯកោនោះទេ
ម៉ូស្គូ៖ ឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីមួយចំនួន ស្ថិតក្នុងគោលបំណងធ្វើឱ្យរុស្ស៊ីឯកោពីសេដ្ឋកិច្ចពិភពលោក។
ថ្លែងអំពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច សំដៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយបែបសើចចំអកថា វាមិនអាចទៅរួចទេ ក្នុងការទុកឱ្យប្រទេសធំបែបនេះ (រុស្ស៊ី) នៅឯកោនោះ។ លោក ពូទីន បន្តថា រុស្ស៊ីនឹងមិនដែលមានសេដ្ឋកិច្ចបិទជិតនោះទេ ហើយថា ទីក្រុងម៉ូស្គូមិនមានបំណងដាក់ “វាំងននដែក” បែបសូវៀត នៅជុំវិញខ្លួនឡើយ ផ្ទុយទៅវិញ ចង់រក្សាការបើកចំហរសម្រាប់ប្រទេសណា ដែលចង់ធ្វើអាជីវកម្មជាមួយខ្លួន។ អ្នកណាដែលជ្រើសរើសមិនធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី នឹងបានត្រឹមតែប្លន់ខ្លួនឯងប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការអះអាងដែលថា លោកជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ចំពោះការធ្វើឲ្យអតិផរណាកើនឡើងយ៉ាងគំហុក នៅតាមបណ្តាប្រទេសលោកខាងលិចនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះបានអះអាងថា រូបលោកមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដែលប្រទេសផ្សេងទៀតប្រឈមមុខនោះទេ។ លោកថា នេះគឺជាលទ្ធផលនៃកំហុសរបស់ប្រទេសលោកខាងលិចដែលបានសាងជាយូរមកហើយ៕
ប្រភព៖ Sputniknews ប្រែសម្រួល៖ ទីណា និងបុត្រា




