យោធាកូរ៉េខាងត្បូងអះអាងពីការបាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់របស់កូរ៉េខាងជើង
សេអ៊ូល ៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់ ។ ការបាញ់កាំភ្លើងធំខាងលើរបស់កូរ៉េខាងជើង បានកើតមានឡើងបន្ទាប់ពីប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានបង្ហើបពីគោលបំណងបន្តអភិវឌ្ឍ និងពង្រឹងសមត្ថភាពយោធា ដើម្បីការពារអធិបតេយ្យភាពប្រទេសរបស់លោក ខណៈលោកបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ។
បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់ នៅចន្លោះម៉ោង ៨៖០៧នាទី ដល់ម៉ោង ១១៖០៣នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់)។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថាការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពធម្មតា នៃការបាញ់សាកល្បងកាំភ្លើងធំរយៈចម្ងាយខ្លី និងរយៈកម្ពស់ទាប។
ជាការឆ្លើយតបនោះ យោធាកូរ៉េខាងត្បូងបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្ន ខណៈពេលខ្លួនកំពុងរក្សាឥរិយាបថត្រៀមខ្លួនពេញលេញក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


