ជនសង្ស័យម្នាក់ ដែលជាឈ្មួញជួញដូរអាវុធប្រភេទដាវសាមូរ៉ៃ ដោយខុសច្បាប់ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការហើយ
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ ដែលជាឈ្មួញជួញដូរអាវុធជាប្រភេទដាវសាមូរ៉ៃ ដោយខុសច្បាប់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។
ជនសង្ស័យមាន ឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ជាឈ្មួញជួញដូរអាវុធខុសច្បាប់ ជាប្រភេទដាវសាមូរ៉ៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ រួចបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងឥន្ធនៈPTT ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យ គឺជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាមូរ៉ៃនៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឱ្យអតិថិជនដែលចង់ទិញដាវសាមូរ៉ៃអាចទំនាក់ទំនងតាមទូរសព្ទ័ដៃលេខផ្ទាល់ខ្លួនបាន ។
មន្រ្តីជំនាញបានបន្តទៀតថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យ បានយកដាវសាមូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឱ្យអតិថិជននៅចំណុចស្ថានីយប្រេងឥន្ធនៈPTT ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាមូរ៉ៃ ប្រវែង៧០សង់ទីម៉ែត្រចំនួន០១ដើម បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួររហូតដល់វេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតផ្ទាល់មាត់តាមរយៈទូរសព្ទ័ដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួលផងនោះ បានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រំ២ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាំងដាវសាំម៉ូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត ។ បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងតែស្ថិតក្នុងដំណាក់កាលសួរនាំនៅឡើយ ៕ ដោយ ៖ ឆៃហួត



