គណៈកម្មការអឺរ៉ុបនឹងបញ្ចប់ការវាយតម្លៃលើការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបរបស់អ៊ុយក្រែន នៅចុងសប្តាហ៍នេះ
កៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ក្នុងកំលុងបំពេញទស្សនកិច្ចមកកាន់ទីក្រុងកៀវ កាលពីថ្ងសៅរចុងសប្តាហ៍មុននេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន បានថ្លែងថា គណៈកម្មការនឹងបញ្ចប់ការវាយតម្លៃលើការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែននៅចុងសប្តាហ៍នេះ ។
លោកស្រី វ៉ុនឌែរ ឡេយិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា បច្ចុប្បន្នគណៈកម្មការអឺរ៉ុបកំពុងរៀបចំអនុសាសន៍របស់ខ្លួន ដែលជាការសន្និដ្ឋានដែលគេហៅថា សម្រាប់រដ្ឋសមាជិកសហភាពអឺរ៉ុប ។ លោកស្រីថា យើងបានធ្វើការលើការវាយតម្លៃនេះទាំងយប់ទាំងថ្ងៃ។ ការពិភាក្សារបស់យើងនឹងអនុញ្ញាតឱ្យយើងបញ្ចប់ការងារនេះនៅចុងសប្តាហ៍នេះ ។
យ៉ាងណាមិញ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទោះបីជាមានឋានៈជាបេក្ខជនក៏ដោយ វាអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ ប្រសិនបើមិនរាប់ទសវត្សរ៍ទេ ដើម្បីឱ្យអ៊ុយក្រែនទទួលបានសមាជិកភាពសហភាពអឺរ៉ុប (EU) ។
សូមរម្លឹកថា នៅថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ លោក ហ្សេលេនស្គី បានចុះហត្ថលេខាលើការអំពាវនាវជាផ្លូវការទៅកាន់សហភាពអឺរ៉ុប ដើម្បីស្នើសុំឱ្យមានការចូលជាសមាជិកអ៊ុយក្រែនតាមរយៈនីតិវិធីពិសេសថ្មីមួយ។
ទន្ទឹមគ្នា លោកស្រី វ៉ុនឌែរ ឡេយិន បានផ្តល់កម្រងសំណួរសមាជិកភាពសហភាពអឺរ៉ុបដល់លោក ហ្សេលេនស្គី ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងកៀវ កាលពីខែមេសា។ ផ្នែកទីមួយនៃឯកសារត្រូវបានបញ្ជូនទៅសហភាពអឺរ៉ុបនៅថ្ងៃទី១៨ ខែមេសា ខណៈផ្នែកទីពីរត្រូវបានប្រគល់នៅថ្ងៃទី៩ ខែឧសភាកន្លងទៅ ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



