កម្ពុជា ទទួលបានអត្ថប្រយោជន៍នៃគម្រោងចំនួន៨០ ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ នៅទីស្ដីការក្រសួង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ក្រោមក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងកម្ពុជា ចំនួន ១៣ នឹងត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួនជាង ៤លាន ៣៣ម៉ឺនដុល្លារ ភាគច្រើនគ្របដណ្តប់លើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានលើកឡើងថា លោកមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចុះហត្ថលេខាជាថ្មីម្ដងទៀតជាមួយ លោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន លើកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការនៃមូលនិធិពិសេសកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២។

ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦មក មូលនិធិពិសេសនេះបានផ្ដល់នូវលទ្ធផលជាក់ស្ដែង និងបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសមេគង្គ-ឡានឆាង។ យើងបានបង្រួមគម្លាតនៃការអភិវឌ្ឍរបស់យើងបន្ថែមទៀត តាមរយៈសមាហរណកម្ម និងអន្តរ-ទំនាក់ទំនងនៃការអភិវឌ្ឍ និងបានពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើងទៅនឹងតម្រូវការរបស់ប្រជាជនយើង។ ប៉ុន្តែសំខាន់បំផុត យើងបានបង្ហាញពីភាពជាអ្នកជិតខាងល្អ និងមិត្តភាព ព្រមទាំងការផ្តោតលើការបំពេញបន្ថែមរបស់យើង សំដៅពង្រឹងទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមកនិងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តរួមចំណែក និងការគាំទ្រ របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំនេះ កម្ពុជាបានទទួលគម្រោងថ្មីចំនួន ១៣ បន្ថែមទៀត ដែលមានថវិកាប្រមាណជាង ៤លានដុល្លារអាមេរិក។ គម្រោងថ្មីៗទាំងនេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រយៈកាលកន្លងទៅ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ ស្ដែងចំនួន៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេងទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅទូទាំងអនុតំបន់ផងដែរ។

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងទៀតថា បើទោះជារងនូវផលប៉ះពាល់នៃជំងឺ រាតត្បាតកូវីដ-១៩ រួមជាមួយបញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលយ៉ាងណាក៏ដោយ យើងបានជួបជុំគ្នានៅទីនេះថ្ងៃនេះ ដើម្បីអបអរសាទរ និងបង្ហាញពីភាពធន់របស់យើង តាមរយៈព្រឹត្តិការណ៍ជាទៀងទាត់នេះ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវជំនឿចិត្ត និងការប្ដេជ្ញាចិត្តរបស់យើង នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្ដោតលើការអភិវឌ្ឍ។

ទាក់ទងបញ្ហានៃប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា នៅខែក្រោយ ឯកឧត្តម នឹងធ្វើដំណើរទៅកាន់ទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ច ប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ ហើយយើងនឹងបន្តរិះរកគ្រប់មធ្យោបាយថែមទៀត ដើម្បីសម្រេចនូវលទ្ធផលជាក់ស្ដែងសម្រាប់ប្រទេសមេគង្គ។

ក្នុងន័យនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត វ៉ាង និងក្រុមការងារ ព្រមទាំងភ្នាក់ងារ/ស្ថាប័នអនុវត្តគម្រោងទាំងអស់សម្រាប់ការគាំទ្រនិងកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់យើង នៅក្នុងការអនុវត្តគម្រោងទាំងនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងប្រទេសមេគង្គទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយ សំដៅកសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner