ជប៉ុន ផ្តល់ថវិកា ៣៦៣លានយ៉េនសម្រាប់អនុវត្តគម្រោងកម្មវិធីអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ និងឯកឧត្តម មីកា សាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលិខិតប្តូរសារ សម្រាប់អនុវត្តគម្រោងកម្មវិធីអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (JDS) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ដោយជប៉ុន បានផ្តល់ថវិកាចំនួន ៣៦៣លានយ៉េន ស្មើនិងប្រមាណ ៣លាន ៣សែន ៦ម៉ឺនដុល្លារអាមេរីក ។

សូមជម្រាបថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងធន ធានមនុស្សនៅកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

នៅប្រទេសកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ដែលមានការអប់រំខ្ពស់ និងបទពិសោធន៍អន្តរជាតិ គឺជាកិច្ចការបន្ទាន់ ដើម្បីបង្កើនសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់គុណភាពជីវិតជាមួយនឹងស្តង់ដារអន្តរជាតិ។ ដូច្នេះហើយប្រទេសជប៉ុន បាននិងកំពុងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនបន្ថែមទៀត។ ផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ យើងជួយមន្ត្រីវ័យក្មេងកម្ពុជា ឲ្យទទួលបានសញ្ញាបត្រ (អនុបណ្ឌិត / បណ្ឌិត) ពីថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ មន្ត្រីវ័យក្មេងកម្ពុជាចំនួនប្រមាណ ២៦ រូប នឹងអាចទៅសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន និងរំពឹងថាធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀតនាពេលអនាគតលើវិស័យនីមួយៗ ការយល់ដឹងរួម គ្នាព្រមទាំងការកសាងទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជាផងដែរ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner