ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន១មិថុនា បង្ហាញចេញនូវស្មាមញញឹមចូលរួមដោយការស្រលាញ់ពេញចិត្ត
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន ១មិថុនា ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដំណើរការប្រកួតពេញមួយថ្ងៃនៅទីលានអាគារខេមរ៉ានី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែ មិថុនា ម្សិលមិញ បានបញ្ចប់ទៅដោយរលូននិងជោគជ័យបំផុត ដោយយុវជនបង្ហាញចេញនូវស្នាមញញឹមនិងក្តីស្រលាញ់ពេញចិត្តចូលរួមជាមួយកីឡាបាល់ទាត់។
លោក បែរ មករា នាយកផ្នែកកីឡាសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា ព្រឹត្តិការណ៍លើកទី១នេះ មានសាលាចំនួន ៦ ចូលរួមក្នុងនោះរួមមានដូចជា សាលា VDC , WISC , ELT , Prak Academy , Soltilo និង បឹងកេត Academy ។ ដោយមានបែកចែកចេញជា២កម្រិតអាយុគឺ ក្រោម ១២ ឆ្នាំ និងក្រោម ១៥ ឆ្នាំ។ កម្រិត១២ឆ្នាំមាន៦ក្រុមចូលរួម និងកម្រិត១៥ឆ្នាំមាន៨ក្រុមចូលរួម។
លោក បានបញ្ជាក់ទៀតថា តាមកាកត់សម្គាល់មើលឃើញថា កម្មវិធីដំណើរការពេញមួយថ្ងៃ យុវជនដែលចូលរួម គឺទទួលបានភាពសប្បាយរីករាយក្រៃលែង ហើយ ពួកគេបានបង្ហាញសមត្ថភាពយ៉ាងពិតប្រាកដ។ ពិសេសក្មេងៗមានភាពសប្បាយរីករាយពេញ១ថ្ងៃតែម្ដង។ ជាមួយគ្នានោះ ឯកឧត្តម សំហេង បុរស អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសម្ដែងការការសប្បាយរីករាយ និងបញ្ជាក់ថា ចង់ឲ្យមានការរៀបចំព្រឹត្តិនេះម្ដងទៀតនាឆ្នាំក្រោយ។
ឯកឧត្តម បានសម្ដែងការសប្បាយរីករាយជាខ្លាំង បន្ទាប់ពីឃើញក្មេងៗចូលរួមមានភាពពេញចិត្តចំពោះការរៀបចំមួយនេះ ហើយ ឯកឧត្តម សង្ឃឹមថា ឆ្នាំក្រោយនឹងអាចមានក្រុមកាន់តែច្រើនចូលរួមផងដែរ។
ការប្រកួតយ៉ាងស្វិតស្វាញ និងសប្បាយរីករាយជាលទ្ធផលគឺ៖កម្រិតអាយុ១២ឆ្នាំលេខ១បានទៅ WISCលេខ២បានទៅសាលា បឹងកេតលេខ៣បានទៅសាលា ELT កម្រិតអាយុ ១៥ ឆ្នាំលេខ១បានទៅសាលា VDC (B) លេខ២បានទៅសាលា VDC ( A)លេខ៣បានទៅសាលា បឹងកេតសម្រាប់ការប្រកួតនេះលេខ១ទទួលបានពាន១មេដាយ១៥គ្រឿង បាល់ និងសំលៀកបំពាក់១២ឈុត។
លេខ២ទទួលបានបាល់៧គ្រាប់មេដាយប្រាក់១៥គ្រឿង និងលេខ៣ទទួលបានបាល់៤គ្រាប់ និងមេដាយសំរឹទ្ធ១៥គ្រឿង។ ជាមួយគ្នាសហភាពសហព័ន្ធបានឧបត្ថម្ភថវិកាលើកទឹកចិត្តអ្នកលេខ១ទទួលបាន១លានរៀល លេខ២ទទួលបាន ៧៥ម៉ឺន និងលេខ៣ទទួលបាន៥០ម៉ឺនរៀលផងដែរ៕អត្ថបទៈ ជាវ ចន្ធូ














