អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាជំរុញឱ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ឱ្យរួសរាន់ទៅបង់ពន្ធ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈដែលថ្ងៃឱសានវាទនៅតែជាង ១០ថ្ងៃប៉ុណ្ណោះ ពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបន្ថែមថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់ ។
ចំពោះរថយន្តចង្កួតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន ៕ ដោយ៖ ទីណា និងបុត្រា


