៥ខែដំបូងឆ្នាំ២០២២ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជាទទួលចំណូលជាង ១៧០លានដុល្លារ

ភ្នំពេញ ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២។

បើតាមរបាយការណ៍ដដែលនេះ ចំណូលសរុបគិតត្រឹមខែឧសភា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១៧០,២៨២,០៣១ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ១៦៨,៤៦៨,៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ១,៨១៣,៣៩១ដុល្លារ ។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ១០៥,០៤៨តោន កើនឡើងចំនួន ១,៨០៩តោន ស្មើនឹង ២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៣,០២៦ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឧសភា ឆ្នាំ២០២២ ថ្លៃ ១,៦០៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៧១ដុល្លារ ក្នុងមួយតោន ស្មើនឹង ៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមខែឧសភា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង ២៣%។

សូមជម្រាបថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយក្នុងនោះ នាំចេញជ័រកៅស៊ូចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូចំនួន ៤៥៤ម៉ែត្រគូប ៕ ដោយ ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner