កីឡាករ និងអាណាព្យាបាល រីករាយ និងគាំទ្រចំពោះការរៀបចំព្រឹត្តការណ៍ប្រណាំងយានយន្ត ពានរង្វាន់ GCC ប្រចាំឆ្នាំ២០២២
ភ្នំពេញ៖ការប្រណាំងកីឡាយានយន្តពានរង្វាន់ GCC ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាយានយន្តកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីលាន យ៉ាម៉ាម៉ូតុ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីកីឡាករប្រណាំង និងអាណាព្យាបាល ក្រោយខកខានរយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីត-១៩ ។

កីឡាករ ក្រាញ់ សុធិន បានបញ្ជាក់ថា ការៀបចំរបស់សហព័ន្ធកីឡាយានយន្ត គឺបានល្អច្រើន បើទោះបីមានចំនុចខ្វះខាតផ្នែកបច្ចេកទេសមួយចំនួនក្តី ។ សុធិន បន្តថា ការចូលប្រណាំងជាលើកដំបូង ធ្វើអោយរូបគេមានអារម្មណ៍រីករាយ ទោះមិនទទួលបានលទ្ធផលល្អ តែប្តេជ្ញាប្រឹងប្រែងស្វែងរកចំណាត់ថ្នាក់ល្អសម្រាប់ការប្រណាំងលើកក្រោយៗទៀត ។

រីឯម្តាយបង្កើតកីឡាករ ក្រាញ់ សុធិន បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រដោយសារកូនខ្លួន ស្រឡាញ់វិស័យកីឡាប្រណាំងម៉ូតូមួយនេះ ហើយអ្នកមីងសន្យាបន្តការលើកទឹកចិត្តកូនអោយប្រឹងប្រែងឈានការប្រណាំងថ្នាក់ជាតិ និងអន្តរជាតិ តំណាងអោយកម្ពុជា ។
សូមបញ្ជាក់ថា ការប្រណាំងកីឡាយានយន្តពានរង្វាន់ GCC ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយាយន្តកម្ពុជា អ្នកឧកញ្ញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ឯកឧត្តម វី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុន ឧបត្ថម្ភធំ GCC និងក្រុមហ៊ុន Nine Swing រួមដៃកូសហាការជាច្រើនទៀតផងដែរ ។ រីឯលទ្ធផលវិញ Class A លេខ១ កីឡាករ គុណ សុខហេង លេខ២ ម៉ម សុវណ្ណហេង និងលេខ៣ កីឡាករ សួន សុចិត្រា ចំណែក Class B វិញ លេខ១ កីឡាករ នី សុខនី លេខ២ សួន សុថារិទ្ធ និងលេខ៣ មឿន សុខនី ៕ ចាន់ វិចិត្រ









