សាកលវិទ្យាល័យយ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការអភិវឌ្ឍន៍ធនធានមនុស្ស ស្តីពីចលនាភូមិថ្មី

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈ័យ អូឆូល (Choi Oe-chool) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ យ៉ុងណាម បានដឹកនាំគណៈប្រតិភូមួយក្រុមចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលានាភូមិ១ផលិតផល១ ដើម្បីស្នើសុំអនុសាសន៏ណែនាំដើម្បីឲ្យកិច្ចសហការរវាងសាកលវិទ្យាល័យយ៉ុងណាម និងសាកលវិទ្យាល័យវេស្ទើន ទទួលបានជោគជ័យ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម តែ ឡូរិន សាកលវិទ្យាធិការនៃសកលវិទ្យាល័យវេស្ទើន ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត នាទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

លោកសាស្ត្រាចារ្យ ឈ័យ អូឆូល (Choi Oe-chool) បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថា ក្នុងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យយ៉ុងណាម និងសាកលវិទ្យាល័យវេស្ទើន គឺយើងមានការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សារវាងនិសិត្សកម្ពុជា និងនិសិ្សតកូរ៉េ និងធ្វើទំនាក់ទំនងរវាងយុវជន និងយុវជន ក្នុងនោះនិសិ្សតកម្ពុជា សិក្សា២ឆ្នាំនៅសកលវិទ្យាល័យវេស្ទើន ស្តីពីចលនាភូមិថ្មី នឹងត្រូវបន្តការសិក្សា និងអនុវត្តផ្ទាល់ ចំនួន២ឆ្នាំទៀតនៅសាកលវិទ្យាល័យយ៉ុងណាម នាសាធារណរដ្ឋកូរ៉េ។ ជាមួយនោះ សាកលវិទ្យាល័យយ៉ុងណាម ក៏បានធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

លោកបញ្ជាក់ថា សាកលវិទ្យាល័យយ៉ុងណាម ជាសាកលវិទ្យាល័យធំ និងឈានមុខគេមួយនៅប្រទេសកូរ៉េ ដែលមានគ្រប់មុខវិជ្ជាទាំងអស់ ពិសេសមុខវិជ្ជាចលនាភូមិថ្មី និងការអភិវឌ្ឍន៍សេដ្ចកិច្ច ដោយមានសាស្ត្រាចារ្យ និងនិសិ្សតសរុប ៣ម៉ឺន៥ពាន់នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យយ៉ុងណាម និងសាកលវិទ្យាល័យ វេស្ទើន ដែលស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្នុងនិងក្រោយវិបត្តិកូវីដ១៩។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អទិភាពខ្ពស់ដល់វិស័យអប់រំ រួមជាមួយនឹងការជំរុញនូវការអនុវត្តចលនាភូមិថ្មី ដែលមានប្រភពដើមនៅប្រទេសកូរ៉េផងដែរ ព្រោះសម្រាប់ប្រទេសកម្ពុជា, ចលនាភូមិថ្មីនេះ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយវិស័យកសិកម្ម និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា បច្បុប្បន្ន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អនុវត្តនូវយុទ្ធសាស្ត្រជាតិចំនួន២ គឹយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិ១ផលិតផល១ ក្នុងនោះរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ទទួលបន្ទុកសន្តិសុខស្បៀង និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធាន ទទួលបន្ទុកអាហារូបត្ថម្ភ ដោយសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យទឹកស្អាត និងអនាម័យ, ចំណែកឯរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធាន ទទួលបន្ទុកជម្រុញចលនាភូមិ១ផលិតផល១ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់សាកលវិទ្យាល័យ យ៉ុងណាម បន្តធ្វើការសហការឲ្យបានកាន់តែល្អជាមួយសាកលវិទ្យាល័យវេស្ទើន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយផ្សារភ្ជាប់ជាមួយចលនាភូមិ១ផលិតផល១ ដើម្បីពង្រីកការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែទូលំទូលាយបន្ថែមទៀត សំដៅលើកកម្ពស់សេដ្ឋកិច្ចជនបទ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប, លោកសាស្ត្រាចារ្យ ឈ័យ អូឆូល (Choi Oe-chool) ក៏បានយល់ព្រមតាមសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាំងស្រុង ៕ ដោយ៖គណៈរដ្ឋមន្ត្រី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner