ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយ មិនបានរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន ប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្សារត្រពាំងល្វា ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង (ផ្លូវអង្គតាមិញ) នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលបានធ្វើសកម្មភាពឆក់កាបូបលុយ មានឈ្មោះ អៀង ពិសិដ្ឋ ភេទប្រុស អាយុជាង ២០ឆ្នាំ ស្នាក់នៅម្ដុំអុីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯ ស្ត្រីរងគ្រោះមានឈ្មោះ ចាន់ អ៊ុកចិន្តា ភេទស្រី អាយុ ៥៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានចុះពីរថយន្តចូលទៅទិញបង្គា បានយួរកាបូបយួរនៅហ្នឹងដៃ ខណៈពេលដែលរូបគាត់ កំពុងតែទិញបង្គា ក៏ស្រាប់តែលេចមុខជនសង្ស័យ បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-3807 ដោយជិះតែម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង បានមកធ្វើសកម្មភាពឆក់កាបូបគាត់ តែមិនបានសម្រេច ដោយសារតែមានការប្រទាញប្រទង់គ្នា ដោយដៃជនសង្ស័យចាប់បានដៃកាបូបមួយចំហៀង និងរូបគាត់ ទាក់ដៃកាន់កាបូបបានមួយចំហៀង ទើបធ្វើឱ្យកាបូបរហែកធ្លាក់ជ្រុះលុយមកដី ហើយភ្លាមនោះ ក៏បានស្រែកថា ចោរៗឱ្យគេជួយធ្វើឱ្យជនសង្ស័យភ័យបោះចោលកាបូបបម្រុងជិះគេចខ្លួន ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាន ប្រគល់ជូនឱ្យសមត្ថកិច្ចតែម្ដង។
សូមបញ្ជាក់ថា នៅក្នុងកាបូបដៃរបស់ស្ត្រីរងគ្រោះ មានលុយក្នុងនោះ សរុបជាទឹកប្រាក់ចំនួនជិត ៨លានរៀល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១ ចុះមកដល់រួចក៏បានឃាត់នាំខ្លួន យកជនសង្ស័យមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍កាកាបទី១ ជាបណ្ដោះអាសន្ន រួចធ្វើការបញ្ជូនបន្តទៅកាន់នគរបាលប៉ុស្តិ៍អូរបែកក្អម ដែលជាម្ចាស់ទឹកដីកើតហេតុ ដើម្បីសាកសួរនាំបន្តកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ឆៃហួត


