សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បញ្ជូនអត្តពលិកវ័យក្មេង បោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតយុវជនអាស៊ីអាគ្នេយ៍ លើកទី២៦ នៅថៃ

កីឡាករ កីឡាការិនី កីឡាវាយកូនឃ្លីលើតុ វ័យក្មេងសរុប១៥នាក់ រួមគ្រូបង្វឹក២រូប បានចេញដំណើរទៅបោះជំរុំ និងចូលរួមការប្រកួតយុវជនអាស៊ីអាគ្នេយ៍លើកទី២៦ នៅប្រទេសថៃ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក ស៊ុន សុធារិទ្ធិ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានពន្យល់ថា ការចូលរួមក្នុងកម្មវិធី២ខាងលើនេះ គឺជាការពន្លឿនអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា ឲ្យមានការរីកចំរើន និងទទួលបានបទពិសោធន៍ជាលក្ខណៈអន្តរជាតិ ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ការចូលរួមកម្មវិធីអន្តរជាតិញឹកញាប់វាមិនត្រឹមតែបង្កើនសមត្ថភាពប៉ុណ្ណោះនោះទេ ពោលវាជម្រុញលើកទឹកចិត្តកីឡាករ កីឡាការិនីវ័យក្មេងមានកម្លាំងចិត្តហ្វឹកហាត់ និងមានភាពក្លាហានពីការប្រកួតប្រជែងកម្រិតអន្តរជាតិ។

កីឡាករ វិចណន នរៈវិចិត្រ និងកីឡាការិនី បូ អ៊ីនស៊ូ បានបង្ហាញចំណាប់អារម្មណ៍ពុះកញ្ជ្រោលយ៉ាងខ្លាំងចំពោះការប្រកួតនេះ ខណៈរយៈពេលជាង២ឆ្នាំមកនេះ ពួកគេបានខកខាន ចូលរួមការប្រកួតអន្តរជាតិ ដោយតែជំងឺកូវីដ-១៩ ។ ហើយការប្រកួតមួយនេះ វានឹងជួយឲ្យពួកគេទទួលបានបទពិសោធន៍ និងបច្ចេកទេសកីឡាករនៅក្នុងតំបន់ ដើម្បីពង្រឹងការហ្វឹកហាត់ត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កីឡាករវាយកូនឃ្លីលើតុកម្ពុជា បានចេញដំណើរនៅព្រឹកថ្ងៃទី១៤ ខែមិថុនា លុះថ្ងៃទី១៥ និងទី១៦ ចូលរួមក្នុងកម្មវិធីបោះជំរុំ ហើយ ទី១៧ដល់២២ ចូលរួមការប្រកួតកីឡាយុវជនអាអាគ្នេយ៍លើក ទី២៦ ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner