កីឡាករវាយកូនបាល់ប៊ុន កេន្នី ឆ្លងផុតវគ្គជម្រុះ ឈានប្រជែងរកចំណាត់ពិភពលោក នៅប្រទេសវៀតណាម
កីឡាករវាយកូនបាល់កម្ពុជា ប៊ុន កេន្នី បានឆ្លងផុតវគ្គជម្រុះ ស្វែងរកចំណាត់ថ្នាក់ពិភពលោក នៅប្រទេសវៀតណាម ដែលរៀបចំដោយ សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ដើម្បីជាប់ឈ្មោះក្នុងតារាងពិភពលោក ។ នេះបើយោងការបញ្ជាក់ពី លោក ជា ពៅ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមិថុនា នៅទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ។
លោក បានគូបញ្ជាក់ថា កីឡាករប៊ុន កេន្នី ត្រូវបានសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ផ្តល់សិទ្ធិឲ្យចូលរួមប្រកួត ស្វែងរកចំណាត់ពិភពលោក នៅវៀតណាម ឈានដល់សប្តាហ៍ទី៣ មានសុទ្ធសឹងជាកីឡាករដែលជាប់ ក្នុងតារាងចំណាប់ថ្នាក់ពិភពលោក។ ដោយឡែក ប៊ុន កេន្នី ពុំមានចំណាត់ថ្នាក់នោះទេ ប៉ុន្តែទទួលបានសិទ្ធអនុគ្រោះ ពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិឲ្យចូលរួម បន្ទាប់ពីមានការស្នើរសុំពីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។
ហើយ សម្រាប់សប្តាហ៍ទី៣នេះ ប៊ុន កេន្នី បានឆ្លងផុតវគ្គជម្រុះ បន្ទាប់ពីយកឈ្នះកីឡាករអូស្រ្តាលី២រូប ក្នុងលទ្ធផល ៦ទល់៤. ៤ទល់៦ និង១០ទល់៨ និងប្រកួតទី២ឈ្នះ ៧ទល់៦ និង៧ទល់៤ និង៦ទល់២ រីឯថ្ងៃស្អែក ជាប្រកួតទី៣វគ្គសំខាន់ ប្រសិនបើ ប៊ុន កេន្នីឈ្នះ នឹងទទួលបានចំណាត់ ក្នុងតារាងចំណាត់ពិភពលោក ។
សូមបញ្ជាក់ថា អត្ថប្រយោជន៍ នៃចំណាត់ថ្នាក់ពិភពលោកនេះ គឺ នឹងមានសិទ្ធិចូលរួមប្រកួតជាមួយកីឡាករខ្លាំងៗ កម្រិតអន្តរជាតិ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកដូចគ្នា ។ គួររំលឹកថា កីឡាករវាយកូនបាល់កម្ពុជា បានបាត់ឈ្មោះចេញពីតារាងចំណាត់ពិភពលោកនេះ ប្រមាណជាជិត៤ឆ្នាំហើយ។ ដូច្នោះការប្រជែងរបស់ ប៊ុន កេន្នីលើកនេះ គឺស្វែងរកចំណាត់ថ្នាក់ជូនកម្ពុជាវិញ ៕ អត្ថបទ៖ ជាវ ចន្ធូ





