ឃាត់ខ្លួនចោរ២នាក់ ករណីលួចម៉ូតូសណ្តោងរ៉ឺម៉កមិនស្រេច នៅខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកវែវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1V-3256 មកធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉កសណ្ដោង តែមិនសម្រេច ព្រោះម្ចាស់ឃើញទាន់ ហើយស្រែកឲ្យគេជួយ ទើបសមត្ថកិច្ចចេញអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។

លោកវរសេនីយ៍ទោ អ៊ីវ ឈុនផេង អធិការងទទួលបន្ទុកព្រហ្មខណ្ឌ ស្ថិតក្រោមការណែនាំពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ដែលទើបឡើងកាន់តំណែងថ្មីៗ បញ្ជាក់ថា ករណីចោរកម្មចោរលួចម៉ូតូរ៉ឺម៉កសណ្ដោងមិនសម្រេចខាងលើនេះ ប្រព្រឹត្តទៅនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។

លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់នេះ ក្រៅពីដកហូតម៉ូតូ១គ្រឿងជាវត្ថុតាងជិះធ្វើសកម្មភាព គឺជនសង្ស័យសុទ្ធតែមានសារធាតុញៀន។ ទី១)ឈ្មោះ សុខ រត្ន័ ភេទប្រុស អាយុ៣៨ឆ្នាំ  និងឈ្មោះ វ៉ាន់ រតនះ ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកទាំង២ មានទីលំនៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ)។

បើតាមដំណើររឿងដែលជនរងគ្រោះឈ្មោះ វ៉ាន់ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះ៦១២E ផ្លូវ៥៩៨ ក្រុម ទី០៤ ភូមិ៤ សង្កាត់ច្រាំចម្រេះ១ ខណ្ឌឫស្សីកែវ បានប្រាប់សមត្ថកិច្ចថា  រូបគេបានទុកម៉ូតូសណ្តោងរ៉ឺម៉កនៅមុខផ្ទះ និងបានដេកក្បែរនោះ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង មកឈប់ក្បែររួចជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក មកធ្វើសកម្មភាពលួចទាញម៉ូតូរ៉ឺម៉កធាក់បញ្ឆេះ តែត្រូវរូបគេ (ជនរងគ្រោះ) ឃើញទាន់ និងស្រែកផ្អើលឆោលឡោឲ្យគេជួយ ស្របពេលកម្លាំងល្បាតរបស់សមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេល ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner