ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោងក្រោយ ពេលបោះឆ្នោត
ខេត្តកកំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១២គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍មេបញ្ជាការ បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន ១២គ្រួសារ នៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋគ្រប់ទិសទី និងតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន ក្នុងនោះសម្តេចតេជោបាន ថ្លែងអំណរគុណ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួនដើម្បីឲ្យបេក្ខជនដែលខ្លួនស្រឡាញ់ បានបន្តកកសាងអភិវឌ្ឍន៍ ឃុំ សង្កាត់ និងថែរក្សាសន្តិភាពបន្តទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារជីវិតពីមេរោគកូវីដ-១៩ ដូសទី៤និងដូសទី៥ ដែលជាដូសជំរុញ នៅតាមមណ្ឌលសុខភាព ឬនៅតាមទីកន្លែងដែលភ្នាក់ងារសុខាភិបាលបានកំណត់ ៕
ដោយ ប៊ុន រដ្ឋា







