កូរ៉េខាងត្បូង​និង​ជប៉ុន​នឹង​ធ្វើឲ្យ​កិច្ចព្រមព្រៀង​​ចែករំលែក​ព័ត៌មាន​សន្តិសុខ​រស់ឡើងវិញ ក្រោម​រូបភាព​គំរាមកំហែង​ពីកូរ៉េខាងជើង​

ជប៉ុន​​និង​កូរ៉េខាងត្បូង​ដែលតែង​តែ​អាក់​អន់ស្រពន់ចិត្ត​ជាមួយ​គ្នា​ជារឿយ​​ៗ ដោយ​សារ​​ដាន​ប្រវត្តិសាស្រ្ត​​​ដ៏ជូរចត់​រវាង​ប្រទេស​ទាំង​ក្នុងសម័យ​កាល​អនានិគម​និយម​ជប៉ុន​ ​បាន​​ងាក​​មក​ចាប់​ដៃ​ ល្អូកល្អើន​នឹងគ្នាបន្តិច ​តំបន់​​នោះ​​​​ហាក់​រងកា​រគំរាម​កំហែង​​ដោយ​​ប្រទេស​​​កូរ៉េ​ខាងជើង​​តាមរយៈ​​ការ​បាញ់សាកល្បង​​គ្រាប់មីស៊ីល​​ជា​ច្រើនលើក​ថ្មីៗនេះ​។

រដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូង​ដែល​កើត​ចេញ​​​ចំពេល​វិបត្តិសង្គ្រាម​​អ៊ុយក្រែន​​​​ដែលលុកលុយ​ពី​ប្រទេសមហាអំណាចរុស្ស៊ី​ និង​រងការ​គម្រាម​ផ្នែកសម្ពាធ​​ពីសំណាក់​ប្រទេសកូរ៉េ​ខាង​ជើង ​​​​​​ ​ ​កំពុង​បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងត្រីភាគីជាមួយសហរដ្ឋអាមេរិក និង​ជប៉ុន ដោយ​​សើរើ​​​​ផ្តល់តម្លៃ​​លើ​កិច្ចព្រមព្រៀងសន្តិសុខទូទៅនៃ​ព័ត៌មានយោធា (GSOMIA)។​​

ប្រទេស​ជិតខាង​​ទាំង​ពីរ​បានបង្កើតកិច្ចព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​ជាលើក​ដំបូង​ក្នុងឆ្នាំ​២០១៦ ដោយ​បើក​បណ្តាញ​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន​យោធា​ដោយ​ផ្ទាល់​ជាលើក​ដំបូង។ ពីមុន ពួកគេ​ម្នាក់ៗ​នឹង​ចែករំលែក​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​សន្តិសុខ​តាមរយៈ​អាជ្ញាធរ​សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរួមរបស់ពួកគេ។ នេះ​​បើ​យោង​តាម ព័ត៌មាន Korea Herald ​ដែល​មាន​មូល​ដ្ឋាន​​នៅ​​កូរ៉េ​ខាងត្បូង។​

​​​​សារព័ត៌មាន​នេះ​បាន​​ដក​ស្រង់​សម្តី​អ្នក​ជំនាញ​ ដោយ​និយាយថា ទោះបីជា​​ទំនាក់​ទំនង​កូរ៉េខាងត្បូង-ជប៉ុន​​ស្ថិត​នៅ​​ចំនុច​ទាបបំផុត​ដោយសារតែ​​ភាព​ខុស​គ្នា​​របស់​ប្រទេស​ទាំងពីរ​លើ​អំពើឃោរឃៅ​របស់​ជប៉ុន​ដែល​​​គ្របដណ្តប់​តាំង​ពី​​ការកាន់កាប់​អាណានិគម​ជប៉ុន​លើ​ប្រទេស​កូរ៉េ ការ​ផ្សះផ្សា​ការ​ទូត​រវាង​​ប្រទេស​ទាំង​គួរតែ​រស់ឡើងវិញ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិសុខ​​ទូទៅ​​នៃ​ព័ត៌មានយោធា។

យោង​តាម​​ក្រសួង​​ការ​បរទេស​អាមេរិក state.gov នៅក្នុង​ជំនួប​ទ្វេភាគី​លើក​ដំបូង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក អានតូនី ប្ល៊ីនកែន (Antony Blinken) នៅទីក្រុង​វ៉ាស៊ីនតោន​ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) បាន​និយាយ​ថា៖«ទាក់ទង​នឹង GSOMIA យើង​ចង់ឱ្យ​ GSOMIA មាន​លក្ខណៈ​ធម្មតា​ឱ្យ​បានឆាប់​តាម​​ដែល​អាច​ធ្វើ​ទៅបាន រួម​ជាមួយនឹង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនងកូរ៉េ-ជប៉ុន។»

លោក ផាក ជីន បាន​និយាយថា៖«ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការគំរាមកំហែង​ពី​កូរ៉េ​ខាងជើង​ យើង​ត្រូវមាន​ការសម្របសម្រួល​គោលនយោបាយ និង​ការចែករំលែក​ព័ត៌មាន​រវាង​កូរ៉េ ជប៉ុន និងសហរដ្ឋអាមេរិក»។

កូរ៉េ​ខាងត្បូង​​​​​​​និង​កូរ៉េ​ខាង​ជើង​​ដែលពុះ​ជ្រៀក​​​ក្នុង​ឆ្នាំ​១៩៥៣ ដោយ​​ការ​ប្រកាន់​របប​ដឹកនាំ​ប្រទេស​​​​តាមរបៀប​​​ប្លុក​សេរី​និងប្លុក​កុម្មុយនីស​ ជារឿយៗ​​តែង​​​​កើត​មាន​ក្តីបារម្ភ​ផ្នែកសន្តិសុខ​នៃ​ការ​បំពាន​គ្នា​​ជា​យថា​ហេតុ​។​

CNN កាលពីដើម​ខែមិថុនា​ បាន​ផ្សាយ​ថា កូរ៉េខាងជើង​​បាន​​បាញ់មីស៊ីល​ផ្លោងរយៈចម្ងាយ​ខ្លី​ចំនួន​៨​គ្រាប់ពីទីតាំងជាច្រើនក្នុងប្រទេស ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ។

​​តាមរយៈ​​​ CNN ដដែល អគ្គសេនាធិការចម្រុះ​​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​​បានហៅសកម្មភាព​បាញ់​​​មីស៊ីល​​​នេះថាជា«ការ​បង្កហេតុដ៏ធ្ងន់ធ្ងរដែលបំផ្លាញសន្តិភាព និង​​ស្ថិរភាព​មិន​ត្រឹមតែ​ ​ ឧបទ្វីបកូរ៉េ ប៉ុណ្ណោះទេ ប៉ុន្តែក៏សហគមន៍អន្តរជាតិផងដែរ»។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដក​ស្រង់​សម្តី​មេដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដូច​ដែល​​បានប្រាប់គណបក្សនយោបាយ​ពល​ករ​របស់គាត់ ដោយ​និយាយថា លោកនឹងប្រើ​​អំណាច​ដើម្បី​អំណាច (Power for Power) ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដល់​អធិបតេយ្យភាពរបស់ប្រទេស​កូរ៉េ​ខាងជើង​។

​អ្នក​​ជំនាញ​​​យោធា​ បាន​លើក​ឡើង​ថា ​ការ​បាញ់​​​មីស៊ីល​ដើម្បី​កំញើញ​គ្នា​នេះ​​​គឺ​នៅ​ចំពេល​មាន​ការព្រួយ​បារម្ភកាន់តែខ្លាំងឡើងថា «ទីក្រុងព្យុងយ៉ាងកំពុងរៀបចំការសាកល្បងនុយក្លេអ៊ែរ»។

ឆ្លើយ​ត​ប​​​ការគំរាម​កំហែង​​​របស់កូរ៉េ​ខាងជើង ប្រទេស​កូរ៉េ​ខាងត្បូង​​​​​​​គ្រោងនឹង​បង្កើន​សមត្ថភាព​​ឆ្លើយតបឲ្យ​កាន់តែ​ខ្លាំង​​ដើម្បី​រារាំង​ការសាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង​។

តាម​ការ​ចុះ​ផ្សាយ​របស់បណ្តាញ​សារព័ត៌មាន​​ល្បីឈ្មោះ The Straitstimes របស់សិង្ហបុរី ​ ​លោក លី ជុងស៊ុប (Lee Jong-sup) រដ្ឋមន្ត្រី​ការពារ​ជាតិកូរ៉េ​ខាងត្បូងបាននិយាយ​​​ក្នុងកិច្ច​ពិភាក្សា​​​​នៅក្នុងកិច្ច​ប្រជុំ​នោះថា«ការគំរាម​កំហែង​នុយក្លេអ៊ែរ និងកាំជ្រួច​របស់​កូរ៉េខាងជើង បាន​​ក្លាយ​ជា​ការគំរាមកំហែងដ៏សាមញ្ញមួយ ចាប់ពីរយៈចម្ងាយខ្លី រហូតដល់កាំជ្រួចអន្តរទ្វីប។ ការធ្វើតេស្តម៉ីស៊ីល​​ម្តងហើយម្តងទៀតរបស់​កូរ៉េ​ខាងជើង​​​កំពុង​ធ្វើ​ឲ្យ​មាន​ទំនើប​កម្ម​​ទាំង​​បរិមាណ​​និ​ងគុណភាព»។

នៅក្រោមកិច្ចព្រមព្រៀង GSOMIA នេះ ប្រទេស​​កូរ៉េ​និង​ជប៉ុន​ ​បាន​​ផ្លាស់ប្តូរ​ព័ត៌មាន​​រាប់​សិប​បំណែក​​រហូត​ដល់​ឆ្នាំ ២០១៩​។ ប៉ុន្តែ​បន្ទាប់​ពីចំណុច​នោះ ទំនាក់ទំនង​របស់​ប្រទេស​នៅអាស៊ី​ខាងកើត​ទាំងពីរ​​បាន​ធ្លាក់​ចុះ ​​បន្ទាប់​ពីប្រទេស​ជប៉ុន​ដាក់ចេញ​នូវវិធាន​ការទប់ស្កាត់​ពាណិជ្ជកម្ម នៅក្នុង​ការសង​សឹក​ជាក់ស្តែង​ប្រឆាំង​នឹង​តុលាការ​កំពូលរបស់​កូរ៉េខាងត្បូង​ដែលបញ្ជាឱ្យក្រុមហ៊ុនជប៉ុនមួយ លក់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដើម្បី​ផ្តល់​សំណង​ដល់​ជនរង​គ្រោះកូរ៉េ​​នៃ​​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​សម័យ​សង្រ្គាម​ក្នុង​អំឡុង​​ពេលអាណានិគមជប៉ុន។
ជាវិធានការប្រឆាំងតប​នឹងទណ្ឌកម្មពាណិជ្ជកម្មរបស់ទីក្រុងតូក្យូ ទីក្រុងសេអ៊ូល​បាន​ពិចារណា​លើ​​ជម្រើស​នៃការបញ្ចប់ GSOMIA។ ជម្លោះ​នេះ​បាន​ប៉ះពាល់​ដល់​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ប្រទេស​ទាំងពីរចាប់តាំងពីពេលនោះមក។

សារព័ត៌មាន​កូរ៉េ​​ បាន​ដកស្រង់​​ការលើក​ឡើង​របស់​អ្នកជំនាញ​ដែល​​និយាយថា ប្រតិបត្តិការ​​ប្រកបដោយ​ផ្លែផ្កា​​នៃ GSOMIA អាច​ជា​រង្វាស់​នៃ​ទំនាក់ទំនង​របស់​កូរ៉េ និង​ជប៉ុន ហើយ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​គួរតែ​មុនការ​ធ្វើ​ឱ្យ​ប្រក្រតីភាព​នៃ​កិច្ចព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​សម្ងាត់។

លោក ជីន ចាង-សួ (Jin Chang-soo) អ្នកជំនាញ​លើកិច្ចការ​ប្រទេស​ជប៉ុន​នៅវិទ្យាស្ថាន Sejong បានប្រាប់កាសែត The Korea Herald៖«​GSOMIA អាចត្រូវ​បាន​គេមើលឃើញ​ថាជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការត្រីភាគីដ៏រឹងមាំរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង​ប្រទេសជប៉ុន។ ការធ្វើឱ្យ GSOMIA មាន​លក្ខណៈ​ធម្មតា​ក៏នឹង​គាំទ្រ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគីនៃទីក្រុងសេអ៊ូល និងតូក្យូ ដោយ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេទាំងពីរក្នុងការដោះស្រាយកូរ៉េខាងជើង»៕

យោង​តាមកា​រផ្សាយ​របស់​កាសែតនេះ ប្រមុខ​​ដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ក៏​នឹង​មានវត្តមាន​ក្នុងកិច្ច​ប្រជុំ​មេដឹកនាំ​​​​នៃ​ប្រទេស​ជាសមាជិក​​​នៃ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង (NATO​) នៅទីក្រុង​ម៉ាឌ្រីដ​ប្រទេសអេស្ប៉ាញ​នៅចុង​ខែ​នេះ​​​៕​

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner