មន្ត្រីធនាគារជាតិនៃកម្ពុជា លើកឡើងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ២០២២នេះ
ភ្នំពេញ៖ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ នេះ ។ លោកជំទាវ បណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងដូច្នេះនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ នៅអគារសែនសុខធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីអាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ បជ្ឈមណ្ឌល ស្រាវជ្រាវ និងសាកលវិទ្យាល័យនានា សរុបប្រមាណ ២០០នាក់ ។
នៅក្នុងឱកាសនេះ លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរទទួលបន្ទុកចេញបទប្បញ្ញត្តិ និងត្រួតពិនិត្យប្រព័ន្ធធនាគារ, ធនាគារជាតិនៃកម្ពុជា កំណត់យកការពង្រឹងស្ថិរភាពហិរញ្ញវត្ថុជាគោលដៅចម្បងមួយ។ ក្នុងស្មារតីនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ សំដៅរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការពង្រឹងសមត្ថភាពត្រួតពិនិត្យ និងពង្រឹងបទប្បញ្ញត្តិក្នុងប្រព័ន្ធធនាគារ នាពេលកន្លងមក។ ធនាគារជាតិនៃកម្ពុជា បានបង្កើតក្រុមការងារស្ថិរភាពហិរញ្ញវត្ថុដំបូង នៅក្នុងឆ្នាំ២០១១ ដែលមានសមាជិកពីនាយកដ្ឋានផ្សេងៗ ដើម្បីតាមដានស្ថានភាពវិស័យហិរញ្ញវត្ថុ និងលើកជាវិធានការគោលនយោបាយចំពោះភាពងាយរងគ្រោះជាប្រព័ន្ធរបស់វិស័យធនាគារ ដែលបំពេញបន្ថែមលើការងារពាក់ព័ន្ធនឹងការដាក់បទប្បញ្ញត្តិ និងការត្រួតពិនិត្យ។ នៅឆ្នាំ២០១៩ គណៈ កម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាប្រធាន និងមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាអនុប្រធាន។ គណៈកម្មាធិការថ្នាក់ជាតិនេះ គឺជាស្ថាប័នកំពូលដែលធ្វើសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនឹងការតាមដានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអន្តរាគមន៍ចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការបង្កើតនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាយ៉ាងមុតមាំ សំដៅធានាប្រក្រតីភាព នៃកិច្ចប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា។
លោកជំទាវអគ្គនាយកបច្ចេកទេស បានលើកឡើងថា៖ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោកក្នុងឆ្នាំ២០២១ បានបន្តងើបឡើង បើទោះជាប្រឈមនឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន ៣% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% ក្នុងឆ្នាំ២០២០។ ក្រៅពីការគំាទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុយ៉ាងសកម្ម ។ ជាលទ្ធផល ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងអាចផ្តល់ឥណទានចាំបាច់ ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ។ ទីផ្សារភាគហ៊ុនកម្ពុជា បានស្វាគមន៍ការចុះបញ្ជីក្រុមហ៊ុនទៅក្នុងទីផ្សារកំណើន សម្រាប់សហគ្រាសធុនតូច និងមធ្យម ជាលើកដំបូង ចាប់តាំងពីការបង្កើតប្រភេទទីផ្សារនេះក្នុងឆ្នាំ២០១៥។
ចំណែកប្រព័ន្ធទូទាត់ឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយសម្រួលដល់លំហូរប្រតិបត្តិការជួញដូរទំនិញ និងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់ដែលបណ្តាលមកពីការរាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ ចំពោះទស្សនអនាគតលើស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ បានរំលេចដូចជា៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់៥% នៅឆ្នាំ២០២២ ដែលគាំទ្រជាចម្បងដោយការនាំចេញ នៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស។ បច្ចុប្បន្ន កម្ពុជា បានបើកប្រទេសឡើងវិញ ដោយមិនមានការរឹតបន្តឹងក្នុងការធ្វើដំណើរទៀតទេ ។ ចំពោះសកម្មភាពពាណិជ្ជកម្ម និងការ វិនិយោគ កម្ពុជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ ។
លោកជំទាវ បានបន្ថែមថា យ៉ាងណាមិញ ការរាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ ហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលអាចមានភាពធ្ងន់ធ្ងរ ហើយការរីករាលដាលលឿននៅតែបន្តមាន។ លើសពីនេះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិធានការបិទខ្ចប់របស់ប្រទេសចិន បាននិងកំពុងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។ អតិផរណាមានកម្រិតខ្ពស់រួចទៅហើយដោយសារអតុល្យភាពនៃតម្រូវការនិងការផ្គត់ផ្គង់ ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបានកើនឡើងបន្ថែមទៀត។ ស្ថានភាពនេះ បានជំរុញឱ្យធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដំឡើងអត្រាការប្រាក់គោលដើម្បីទប់ស្កាត់កំណើតអតិផរណា ដែលការណ៍នេះអាចបណ្ដាលឱ្យសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុ លំហូរចេញមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់។
ស្ថិតក្នុងស្ថានភាពប្រឈមនេះ ធនាគារជាតិកម្ពុជា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើវឌ្ឍភាពប្រព័ន្ធធនាគារកម្ពុជានិងសេដ្ឋកិច្ចជារួម និងត្រៀមចាត់វិធានការតាមការចាំបាច់នានា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅតែជាការងារអាទិភាពចម្បង ៕ ដោយ វ៉េង លីមហួត




