បញ្ជាការដ្ឋានទ័ពជើងគោកបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកងកម្លាំង (Video Inside)
មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាប្រតិបត្តិការ ប្រឆាំងភេរវកម្ម គឺជាប្រភេទមួយនៃប្រតិបត្តិការពិសេស ពាក់ព័ន្ធទាំងផ្នែកការទូត, ច្បាប់ និងយុទ្ធវិធី។
ប្រសាសន៍ថ្លែងបានធ្វើ នៅថ្ងៃទី១៧មិថុនា ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥, វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេទេសសង្គ្រោះគ្រោះមហន្ត រាយ, វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់សិក្ខាកាមចូលរួមថា ការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះ គឺជាផ្នែកមួយនៃ ការកសាងសមត្ថភាពរបស់បណ្តាយោធភូមិភាគ និងកងពលធំចំណុះកងទ័ពជើងគោក ក្នុង នាមជាកម្លាំងខ្សែត្រៀមទី១នៅតាមមូលដ្ឋានបំពេញបន្ថែមឱ្យកងកម្លាំងប្រឆាំងភេរវកម្មថ្នាក់ ជាតិ។
វគ្គហ្វឹកហ្វឺននេះ ស្របទៅនឹងការរៀបចំកែសម្រួលរចនាសម្ព័ន្ធថ្មី និងការប្រគល់ភារកិច្ច បំពេញបន្ថែម ពាក់ព័ន្ធនឹងកិច្ចការប្រឆាំងភេរវកម្ម ដែលជាកិច្ចការសំខាន់ចាំបាច់ចំពោះមុខ របស់កម្ពុជា ខណៈដែលអំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្រួចស្រាល់ ទាំងនៅក្នុងតំបន់ និងពិភពលោក នៅឡើយ។
លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកបន្តថាក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ, បម្រើប្រយុទ្ធនិងប្រយុទ្ធ, កងទ័ពក៏មានតួនាទីសំខាន់ក្នុងបេសកម្មសង្គ្រោះ គ្រោះ មហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារ ជាដើម។
លោកបញ្ជាក់ថា ដូច្នេះការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និង របៀបសង្គ្រោះ ក៏មានសារៈសំខាន់ផងដែរដើម្បីបណ្តុះបណ្តាលបំប៉នឱ្យយោធិនជាសិក្ខាកាម មានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវ ប្រសិទ្ធភាពនៃការបំពេញភារកិច្ចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះ មហន្តរាយកើតឡើង។
កម្ពុជាកំពុង ស្ថិតក្នុងដំណាក់កាលនៃការដុសខាត់ធនធានកម្លាំង ការពារជាតិដើម្បីការរក្សា ការពារប្រទេសជាតិ និង ការប្រឆាំងរាល់ឧបាយកលបដិវត្តពណ៌ដែលចង់ទាញកម្ពុជា ធ្លាក់ ចូលក្នុងសង្គ្រាមសាជាថ្មី។