អភិបាលខេត្តកណ្តាល៖ ការប្រកួតកីឡា ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា ការប្រកួតកីឡា ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ។

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា។

លោក គង់ សោភ័ណ្ឌ បញ្ជាក់ថា “ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង។ ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់យើងត្រូវបានពង្រឹង និងពង្រីក ដោយយើងមានកីឡាករកីឡាការិនី ពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់ តាមបណ្តា ឃុំ ស្រុក យើងមានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ” ។

លោកបន្តថា ការឈ្នះរបស់យើងត្រូវតែផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។ ការប្រកួតនាពេលនេះមិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយស្មារតី និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ។

ជាមួយគ្នានោះលោកក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សក៏ដូចជា យុវវ័យទាំងអស់ ត្រូវនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សានុសិស្សក៏ដូចជាយុវជន ទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner