ប្រមុខអង្គការសហប្រជាជាតិព្រមានពីវិបត្តិសុខភាពផ្លូវចិត្តសកល
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចុងសប្តាហ៍មុននេះ បានព្រមានប្រឆាំងនឹង “វិបត្តិសុខភាពផ្លូវចិត្តជាសកល” ក្នុងកំលុងបើកបង្ហាញរបាយការណ៍ស្តីអំពីសុខភាពផ្លូវចិត្ត ។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសារតាមវីដេអូរបស់ខ្លួន ដើម្បីចាប់ផ្តើមរបាយការណ៍សុខភាពផ្លូវចិត្តពិភពលោកឆ្នាំ ២០២២ថា យើងកំពុងរស់នៅឆ្លងកាត់វិបត្តិសុខភាពផ្លូវចិត្តជាសកល។ ជាមួយគ្នានេះ លោក Guterres បាននិយាយថា មនុស្សជិត ១ពាន់លាននាក់នៅជុំវិញពិភពលោក រួមទាំងកុមារ និងយុវជនរាប់លាននាក់ ជួបប្រទះស្ថានភាពសុខភាពផ្លូវចិត្ត ដោយបន្ថែមថា ពួកគេភាគច្រើនខ្វះលទ្ធភាពទទួលបានការព្យាបាល។ លោកថា សេវាកម្មអាចមិនមាន ឬមានតម្លៃខ្ពស់… ការមាក់ងាយក៏រារាំងមនុស្សពីការស្វែងរកជំនួយផងដែរ។
លោក Guterres បន្តថា មនុស្សដែលមានស្ថានភាពសុខភាពផ្លូវចិត្ត មានហានិភ័យខ្ពស់នៃការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត ការបដិសេធការអប់រំ និងការងារ ព្រមទាំងការរំលោភសិទ្ធិមនុស្សផ្សេងទៀត។ លោកបន្ថែមថា ការចំណាយទៅលើមនុស្ស និងហិរញ្ញវត្ថុគឺធំធេងណាស់។ ជំងឺបាក់ទឹកចិត្ត និងការធុញថប់ក្នុងអារម្មណ៍តែម្នាក់ឯងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រមាណ ១ទ្រីលានដុល្លារក្នុងមួយឆ្នាំ។
ផ្តល់យោបល់លើរបាយការណ៍ដែលរៀបចំដោយអង្គការសុខភាពពិភពលោក លោក Guterres បាននិយាយថា របាយការណ៍នេះគឺជាផែនទីបង្ហាញផ្លូវដើម្បីណែនាំប្រទេសនានា ក្នុងការកែលម្អប្រព័ន្ធសុខភាពផ្លូវចិត្តរបស់ពួកគេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

