លោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចក្នុងទីក្រុង Mykolaiv ខណៈដែលការវាយប្រហាររបស់រុស្ស៊ី នៅភាគខាងកើតកាន់តែខ្លាំង
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅសួរសុខទុក្ខកងទាហានជួរមុខនៅក្នុងតំបន់ ម៉ៃខូឡេវ (Mykolaiv) ភាគខាងត្បូងអ៊ុយក្រែន។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះវីដេអូនៃដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី នៅថ្ងៃសៅរ៍ចុងសប្តាហ៍មុន។
លោក ហ្សេលេនស្គី បានចុះត្រួតពិនិត្យអគាររដ្ឋបាលក្នុងតំបន់ដែលត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។ លោក ហ្សេលេនស្គី ត្រូវបានគេរាយការណ៍ដោយសង្ខេបអំពីការប្រយុទ្ធនៅភាគខាងត្បូងអ៊ុយក្រែន នៅឯសមុទ្រខ្មៅ។ លោកក៏បានចុះទៅត្រួតពិនិត្យមន្ទីរពេទ្យ និងចែកមេដាយជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។
នៅថ្ងៃអាទិត្យនេះ ក្រុមមន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា ដេប៉ូស្ដុកទុកប្រេងមួយកន្លែងនៅក្នុងទីក្រុង ណូវ៉ូម៉ូស្កូវស្កិ៍ (Novomoskovsk) នៃភាគខាងកើតប្រទេសបានផ្ទុះឆេះ ដោយសម្លាប់មនុស្សម្នាក់ និង ២នាក់រងរបួស បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរុស្ស៉ីចំនួន ៣គ្រាប់។
ការវាយប្រយុទ្ធគ្នារវាងរុស្ស៉ី និងអ៊ុយក្រែននៅក្នុងតំបន់ដុនបាស់ បានឈានដល់ដំណាក់កាលដ៏សំខាន់នៅឯទីក្រុងស៊ីវីយេរ៉ូដូណេត ដែលលោក ហ្សេលេនស្គី ចាត់ទុកថា ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់អាចកំណត់អ្នកឈ្នះ អ្នកចាញ់ក្នុងសង្រ្គាមនៅភាគខាងកើតប្រទេស។
រុស្ស៉ីត្រូវបានគេរាយការណ៍ថា កំពុង វាយរុលទៅមុខដោយសន្សឹមៗ រីឯអ៊ុយក្រែនកំពុងអំពាវនាវឱ្យលោកខាងលិចបញ្ជូនអាវុធបន្ថែមមកឱ្យអ៊ុយក្រែនជាបន្ទាន់៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



