ឯកឧត្តម ស សុខា ជំរុញឲ្យមន្ត្រីសហព័ន្ធដុសខាត់សមត្ថភាពបន្ថែម ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានស្នើឲ្យមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិទាំង១២ ដែលរៀបចំការប្រកួតលើប្រភេទកីឡាទាំង១២នេះ ការប្រកួតកីឡានិស្សិត និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដុសខាត់សមត្ថភាពឲ្យកាន់តែល្អ ក្នុងការពង្រឹងគុណភាព និងដកបទពិសោធន៍បន្ថែម សម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកិច្ចប្រជុំបច្ចេកទេសនេះធ្វើ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡា ។
ឯកឧត្តម ស សុខា ក៏បានលើកទឹកចិត្តដល់មន្ត្រីសហព័ន្ធកីឡាជាតិទាំង១២ យកការរៀបចំកាប្រកួតនេះ ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែមុតស្រួច ដើម្បីត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ពីព្រោះ ថានេះជាការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើឲ្យកីឡាករ កីឡាការិនីជានិស្សិតទាំងអស់គប្បីយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមការណែនាំ និងបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិនីមួយៗឲ្យបានខ្ជាប់ខ្ជួនផងដែរ ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រកួតនេះត្រូវបានរៀបចំជាលក្ខណៈហ្គេម ជាមួយនឹងគោលបំណងសំខាន់ៗចំនួន៤ គឺទី១.ផ្តល់ឱកាសដល់និស្សិតពេញម៉ោងបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសនិស្សិតដែលមានទេពកោសល្យតំណាងជាតិចូលរួមប្រកួតកីឡាសកលវិទ្យាល័យអន្តរជាតិ។ ២. ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ៣. ផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសដែលសហព័ន្ធកីឡាជាតិបានបណ្តុះបណ្តាលហើយ បានអនុវត្តការងារជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍។ និងទី៤. លើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនិសិត្សថ្នាក់ជាតិនេះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ កីឡាករ កីឡាការិនីសរុប ១៤៤៣នាក់មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈចំនួន២០ និងឯកជនចំនួន១៨ និងមាន១២ ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា ៕ ចាន់ វិចិត្រ






