អគ្គលេខាធិការ NOCC អះអាងថា វិញ្ញាសារត់ ១០គីឡូម៉ែត្រ មានអ្នកចូលរួមជាង ២ពាន់នាក់ បង្ហាញថា ប្រជាពលរដ្ឋ នៅភ្នំពេញកាន់តែមានសុខភាពល្អ
Story ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១០ ដែលប្រព្រឹត្តទៅនៅមុខព្រះមរមរាជរាំង មានអ្នកចូលរួមរត់ទាំងជាតិ និងអន្តរជាតិសរុប៣៦២១នាក់ ។ សង្កេតឃើញថា ក្នុងចំណោម៣វិញ្ញាសា ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ គឺវិញ្ញសារត់១០គីឡូម៉ែត្រមានអ្នករត់ច្រើនគេមានរហូតជាង២០០០នាក់ឯណោះ បើធៀបនឹងឆ្នាំកន្លងទៅ គឺកើនឡើងទ្វេដង ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា បន្ទាប់ពីការខកខានរយៈពេល២ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ១៩ យើងសង្កេតឃើញថា អ្នកចូលរួមរត់មានច្រើនកុះករ ប្រកបដោយបរិយាកាសថ្មី ក្រោមដំបូលសុខសន្តិភាព សុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ក្នុងការស្វែងរកវ៉ាក់សាំង ដើម្បីសង្រ្គោះអាយុជីវិតប្រជាជន ពីកូវីត-១៩ ។ ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ទៀតថា ទិវារត់ប្រនាំងនេះ មានការចូលគាំទ្រពីគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនកុះករនេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋមានយកចិត្តទុកដាក់ថែរក្សាសុខភាពបានល្អ ។
ឯកឧត្តម អះអាងថា វិញ្ញាសារត់១០ម៉ែត្រ មានអ្នកចូលរួមរត់រហូតជាង២០០០នាក់ មានន័យថា ប្រជាពលរដ្ឋ នៅភ្នំពេញ មានកាយសម្បទាមាំមួន និងគិតគូពីបញ្ហាសុខភាពច្រើន ។
ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញនេះ បានរៀបចំ ដើម្បីចូលរួមអបអរសារទរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រត់ប្រណាំងដើម្បីមនុស្សធម៌ ទីក្រុងស្អាត សុខភាព និងផ្សព្វផ្សាយ ពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១០ មានអ្នកចូលរួមរត់សរុប៣៦២១នាក់ ក្នុងនោះ កីឡាករ កីឡាការិនីជាតិមាន៣២៣៦នាក់ និង ៣៨៥នាក់ ជាជនបរទេសនៅកម្ពុជា និងប្រមាណ១០%មកពីក្រៅប្រទេស ៕អត្ថបទ៖ ជាវ ចន្ធូ








