ធនាគារ ជីប ម៉ុង បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ១៣៥លានដុល្លារនៅពាក់កណ្ដាលឆ្នាំនេះ
ភ្នំពេញ៖ នេះជាលើកទី២ហើយ ក្នុងឆ្នាំ២០២២ ដែលធនាគារ ជីប ម៉ុង បានបន្ថែមដើមទុនចុះបញ្ជីរបស់ខ្លួននៅធនាគារជាតិចំនួន២០លាន ដុល្លារអាមេរិកបន្ថែមដែលធ្វើឲ្យចំនួនទុនចុះបញ្ជីកើនដល់ ១៣៥លាន ដុល្លារ។ ការបន្ថែមដើមទុនចុះបញ្ជីនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាទំនុកចិត្តរបស់អតិថិជន ដើម្បីបន្តពង្រីកប្រតិបត្តិការធនាគារ បន្ថែមទៀត និងគោរព១០០ភាគរយតាមបទដ្ឋានគតិយុត្តិរបស់ ធនាគារជាតិនៃកម្ពុជា។
លោក ចន ប៊ែល អគ្គនាយកនៃធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ យើងមានមោទកភាពដែលធនាគារ ជីប ម៉ុង បានបង្កើនទុនចុះបញ្ជី បន្ថែមជាបន្តបន្ទាប់ នេះជាសក្ខីភាពបង្ហាញពីកិច្ចប្រឹងប្រែងដែលយើង សាងឡើងដើម្បីផ្ដល់ទំនុកចិត្តដ៏កក់ក្ដៅជូនដល់ អតិថិជន។ អស់ រយៈពេលជាងបួនឆ្នាំមកនេះ ធនាគារបានកសាងភាពចាស់ទុំរបស់ខ្លួន ជាក់ស្ដែងធនាគារ ជីប ម៉ុង ដើរលើមាគ៌ាធុរកិច្ចធនាគារដែលមាន ចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់។
គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០១៩ និងជាផ្នែកមួយនៃអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាដាក់ឲ្យដំណើរការប្រើប្រាស់ ក្នុងរាជធានីភ្នំពេញ និងខេត្តដូចជាកំពង់ចាម បាត់ដំបង និងសៀមរាប សរុបមានចំនួន១៣សាខាធនាគារ និង២សាខាផ្សេងទៀតនឹងមាន វត្តមាន នៅចុងឆ្នាំនេះ។ ធនាគារ ជីប ម៉ុង មានម៉ាស៊ីនATM សរុប ចំនួន៣៤ ដែលបម្រើការ២៤ម៉ាង ដៃគូសហការទូទាត់ ចំនូន ១.៨៩៩ទីតាំង និងភ្នាក់ងារធនាគារចំនួន១២៦កន្លែង ទូទាំង ប្រទេស៕
ដោយ ៖គ្រី សម្បត្តិ

