ព្រឹត្តិការណ៍សម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកប្រចាំឆ្នាំនៅសង្កាត់ចុងឃ្នៀសនៃបឹងទន្លេសាប
សៀមរាប ៖ យុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ក្រោមប្រធានបទ៖ ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក ត្រូវបានរៀបចំធ្វើការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិកចំនួនពីរ គឺនៅតំបន់សហគមន៍ចុងឃ្នៀស និងសហគមន៍ឃុំកំពង់ឃ្លាំង ។ នៅថ្ងៃទី២២ ខែមិថុនា គឺសម្អាតនឹងរៀបចំនៅតំបន់ចុងឃ្នៀស និងថ្ងៃទី២៣ រៀបចំនៅឃុំកំពង់ឃ្លាំង ដែលគ្រោងមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ក្នុងកម្មវិធីនីមួយៗ ។
ព្រឹត្តិការណ៍ខាងលើនេះធ្វើឡើង ក្រោយពីមានការចុះសិក្សាដោយផ្ទាល់ និងប្រមូលព័ត៌មានអំពីស្ថានភាពសំរាម នៅតាមតំបន់សហគមន៍ មានកំពង់ឃ្លាំង កំពង់ភ្លុក និងចុងឃ្នៀស ប្រតិភូក្រសួងទេសចរណ៍ អង្គការ River Ocean Cleanup និង everwave សង្កេតឃើញថា សហគមន៍ចំនួនពីរ មានកំពង់ឃ្លាំង និងចុងឃ្នៀស នៅតែមានបញ្ហាសំរាមកកស្ទះ ដោយត្រូវការសម្អាតជាចាំបាច់។ ចំណែកសហគមន៍កំពង់ភ្លុក គឺការគ្រប់គ្រងសំរាមបានល្អប្រសើរហើយ ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះយុទ្ធនាការសម្អាតបរិស្ថាននៅទីនេះ នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន ខណៈដែលទឹកនឹងចាប់ផ្តើមឡើងជាបណ្ដើរៗនាពេលឆាប់ៗខាងមុខនោះ។ លោក អភិបាលរង បានបន្តថា នៅក្នុងតំបន់ចុងឃ្នៀសនេះ គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ នៃខេត្តសៀមរាប ដូច្នេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីប្រជុំជន តាមភូមិ តាមសហគមន៍ដែលយើងរស់នៅឲ្យបានស្អាតរៀងៗខ្លួន ដោយមានស្មារតីស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងសំណល់ប្លាស្ទិក និងយល់ពីគុណវិបត្តិនានាដែលកើតពីការចោលសំរាមប្លាស្ទិកមិនបានត្រឹមត្រូវជាដើម ជាហេតុនាំឲ្យមានផលបះពាល់ដល់សុខុមាលភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។
លោក បានបញ្ជាក់ទៀតថា ជាក់ស្តែងនាពេលនេះ គឺអង្គការមូលនិធិទំពាំងស្នងឫស្សី ជាមួយដៃគូអង្គការអន្តរជាតិ Ocean Recovery Alliance បានផ្តួចផ្តើមបើកយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកឡើង និងរដូវទឹកសម្រក ចាប់ពីឆ្នាំ២០១៨ មកម្ល៉េះ ដោយមានចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។
តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា TONLE SAP WARRIORS បានចុះអប់រំតាមសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដើម្បីគាំទ្រដល់គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់រួចមកហើយ ។
គួររំលឹកថា ក្រសួងទេសចរណ៍តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានកោតសរសើរជាខ្លាំងចំពោះគម្រោងប្លាស្ទិកដូរយកអង្ករនេះ។ ក្រសួងទេសចរណ៍បានយល់ឃើញថា គម្រោងនេះនឹងចូលរួមជំរុញភាពស្អាត និងបៃតងនៅតាមតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀត ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត៕ ដោយ ស៊ាន សុផាត





