សាលប្រជុំ សសរ១០០ សម្តេចតេជោ ដែលផ្ទុកមនុស្សបាន២០០០នាក់ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២០ ខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម សំ សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ    កម្មាធិការគណបក្សខេត្តកំពង់ចាម កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការងារសាងសង់បង្ហើយ សាលប្រជុំ សសរ១០០ សម្តេចតេជោ ដែលស្ថិតនៅក្នុងបរិវេណមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ស្ថិតក្នុងភូមិតាណេង ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាតឲ្យឯកឧត្តមឧបនាយករដ្ឋ   មន្ត្រី យឹម ឆៃលី និងឯកឧត្តម ហ៊ុន ណេង ធ្វើជាអធិបតីក្នុងពិធីសម្ពោធ និងចំរើនព្រះបរិត្តសាលប្រជុំ សសរ១០០ សម្តេចតេជោ នេះ។
ឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឲ្យដឹងថា សាលប្រជុំសសរ១០០ សម្តេចតេជោ នេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សម្រាប់រៀបចំកិច្ចប្រជុំធំៗរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។ សាលប្រជុំនេះ មានបណ្តោយប្រវែង ៨៦ម៉ែត្រ ទទឹងប្រវែង ៣៧,៧៦ម៉ែត្រ ដោយសាងសង់លើផ្ទៃដី ៨.៤០០ម៉ែត្រក្រឡា។
ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ខេត្តកំពង់ចាម មានស្នាក់ការគណបក្សឃុំ សង្កាត់ចំនួន៦៣ លើ១០៩ ឃុំ សង្កាត់ ហើយនឹងបន្តធ្វើបន្ថែមទៀតរហូតដល់មានគ្រប់ទាំង១០៩ឃុំ សង្កាត់។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយខេត្តកំពង់ចាមទាំងអស់ ពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ដែលរួមគ្នាទាំងកម្លាំងកាយចិត្ត និងថវិកា ក្នុងការសាងសង់សាលប្រជុំ សសរ១០០ សម្តេចតេជោ នេះ ដែលជាសមិទ្ឋផលថ្មីមួយទៀត រួមចំណែកដល់ការពង្រឹង និងពង្រីកសកម្មភាពការងាររបស់គណបក្សកាន់តែមានប្រសិទ្ឋភាព។
ឯកឧត្តម សំ សារ៉ាត់ បានមានប្រសាសន៏ថា សមិទ្ឋផលទាំងឡាយ ដែលកើតមានដល់សព្វថ្ងៃនេះ គឺពិតជាកើតចេញពីថ្ងៃជ័យជំនះ ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយ៉ងឃ្នង និងបន្ត  មកទៀត គឺជោគជ័យនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ  មន្ត្រី ដែលបានធ្វើឲ្យពួកប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានរលំរលាយទាំងស្រុង ទាំងអង្គការចាត់តាំងនយោបាយ និងយោធា នាំមកនូវសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ ដោយដៃម្ខាងគ្រប់គ្រងសន្តិភាព ទប់ស្គាត់ការវិលត្រឡប់មកវិញនៃរបស់ប្រល័យពូជសាសន៍ ប៉ុល ពត និងដៃម្ខាងទៀត គ្រប់គ្រង និងស្តារសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍន៏ដូចសព្វថ្ងៃនេះ។ ព្រមទាំងបានបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សេរី  ពហុបក្ស សហប្រតិបត្តិការ និងការអភិវឌ្ឍន៏លើគ្រប់វិស័យ និងបានប្រែក្លាយតំបន់សមរភូមិប្រយុទ្ឋឲ្យទៅជាតំបន់អភិវឌ្ឍន៏ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៏សម្រាប់ប្រទេសជាតិ និងប្រជាជននៃបណ្តាប្រទេសភូមិផងរបងជាមួយ។ ប្រជាជនកម្ពុជា បានរស់នៅយ៉ាងសុខុដុមរមនា និងសប្បូរសប្បាយក្រោមម្លប់សន្តិភាពបរិបូរណ៏ពេញផ្ទៃប្រទេស។ អរគុណសន្តិភាព ដែលបានផ្តល់ឲ្យយើងទាំងអស់គ្នានូវអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។ ឯកឧត្តមបន្តថា សាលប្រជុំសសរ១០០ សម្តេចតេជោ នេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន រឹងមាំ និងស្ថិតស្ថេរជាអមតៈ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner