រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញការប្តេជ្ញាការពារព្រៃលិចទឹកនិងស្នើចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលកាប់បំផ្លាញព្រៃលិចទឹកយកជាកម្មសិទ្ធ

ព្រះសីហនុ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ដាំកូនកោងកាងឡើងវិញលើផ្ទៃដីដែលរងការកាប់បំផ្លាញបម្រុងយកដីកាន់កាប់នៅស្រុកព្រៃនប់ ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២បានឱ្យដឹងថា យើងដាំកូនកោងកាងឡើងវិញចំនួន ៧០០០ដើមលើផ្ទៃដីព្រៃលិចទឹកជាង ៧ហិកតាដែលបានរងការកាប់បំផ្លាញកន្លងមកស្ថិតនៅក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមវត្តមានអញ្ជើញដឹកនាំដោយ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មន្ត្រីពាក់ព័ន្ធនិងពលរដ្ឋមួយចំនួនទៀតផងដែរ។

លោក នេន ចំរើន ឲ្យដឹងថា ឆ្នាំ២០២១ យើងបណ្តុះកោងកាងបានចំនួន ៥៥០០ ដើម ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ដាំកោងកាង ចំនួន ៤ ០០០ដើម ក្នុងផ្ទៃដីចំនួន ៤,៥០ ហិកតា ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រយៈពេល ០៦ខែដើមឆ្នាំ២០២២ បណ្តុះកោងកាង ចំនួន ៦០ ៥០០ដើម ស្ថិតនៅក្នុងស្រុកព្រៃនប់និងក្រុងកោះរ៉ុងដាំកោងកាង ចំនួន ៣ ៦០០ដើម ក្នុងផ្ទៃដីចំនួន ៥ហិកតា ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ជាក់ស្ដែងក្នុងថ្ងៃនេះ ខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំដាំកូនកោងកាងឡើងវិញ ចំនួន ៧ ០០០ ដើមទៀត លើផ្ទៃដី ចំនួន ០៧ហិកតា ដែលរងការកាប់បំផ្លាញនាពេលកន្លងមក។

លោក នេន ចំរើន បានបញ្ជាក់ថា
មានជនខិលខូចមួយចំនួនបានលបលួចកាប់ទន្ទ្រានយកដីកាន់កាប់ផ្ទាល់ខ្លួនហើយមន្ទីរជំរុញដល់រដ្ឋបាលជលផល បន្តបណ្តុះ និង បន្តដាំកូនកោងកាងឡើងវិញជាបន្តបន្ទាប់ផងដែរ។

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ក៏បានខិតខំការពារបង្រ្កាបទប់ស្កាត់បទល្មើសបំផ្លាញព្រៃកោងកាងនេះដើម្បីការពារព្រៃកោងកាងឱ្យបានគង់វង្សទុកជាប្រយោជន៍សាធារណៈ ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បញ្ជាក់ថា ព្រៃកោងកាងមានសារៈសំខាន់ណាស់ត្រូវតែការពារឱ្យបាន វាជាជម្រកមច្ឆជាតិពងកូន, ជាសម្បត្តិធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរណ៍, វាជួយលើកកម្ពស់ជីវភាពបងប្អូនកសិករក្រីក្រ នៅក្នុងតំបន់ ផងដែរ ។

លោក គង់ វិតាណៈ បានស្នើឲ្យមន្ត្រីជំនាញរដ្ឋបាលជលផលនិងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ ដើម្បី ផ្តល់នូវការគាំទ្រ សហការ ដើម្បីថែរក្សាអភិរក្ស ឱ្យបានគង់វង្ស និងត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលកាប់បំផ្លាញព្រៃកោងកាង និងកាប់រានដីព្រៃលិចទឹកយកជាកម្មសិទ្ធ ៕ ដោយ ៖ ខៀវ សាវ៉ុន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner