Sterling បំបែកកំណត់ត្រារបស់ Ronaldo នៅ Man Utd
ក្រោយទាត់បញ្ចូលទី២គ្រាប់យប់មិញ
២គ្រាប់ របស់ Raheem Sterling រកបាននៅនាទី ៣១ និងបានបន្ថែម ១គ្រាប់ទៀតនៅ ៩នាទីបន្ទាប់ ជួយ Manchester City យកឈ្នះ Watford ២-០ កាលពីថ្ងៃអង្គារ ដើម្បីស្ដារមុខមាត់ក្រុមរបស់លោក Pep Guardiola ដែលធ្លាក់ចេញពីពាន FA Cup ក្រោមថ្វីជើងក្រុមកាំភ្លើងធំ Arsenal ក្នុងពេលថ្មីៗនេះ។
សូមបញ្ជាក់ថា នេះជាគ្រាប់ទី ៨៥ របស់ Sterling នៅក្នុងក្រខណ្ឌ Premier League ដែលចំនួននេះធ្វើឱ្យខ្សែប្រយុទ្ធស្លាបរបស់ក្រុម Manchester City នាំមុខកីឡាករ Cristiano Ronaldo ដែលស្ថិតក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនគ្រប់ពេល ។ ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំឥឡូវមាន ១៩គ្រាប់ នៅ Premier League សម្រាប់រដូវកាល២០១៩-២០២០ ដែលធ្វើឱ្យរូបគេមានគ្រាប់បាល់ស្មើរគ្នាជាមួយនឹងកីឡាករ Mohamed Salah របស់ Liverpool និងតាមពីក្រោយត្រឹមតែមួយគ្រាប់ប៉ុណ្ណោះពីកីឡាករ Pierre-Emerick Aubameyang របស់ក្រុម Arsenal ខណៈអ្នកដែលរកបានគ្រាប់ច្រើនជាងគេនាពេលបច្ចុប្បន្ន ពោលគឺកីឡាករ Jamie Vardy ដែលរកបានចំនួន ២៣គ្រាប់គិតមកដល់បច្ចុប្បន្ន។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមសេះបង្កង់ Juventus ម្ចាស់ពាន Ballon D’or ៥សម័យកាល Cristiano Ronaldo បានចាយពេល ៦ឆ្នាំនៅទឹកដីអង់គ្លេសជាមួយក្រុមបិសាចក្រហម Manchester United ដោយបង្ហាញខ្លួនបានចំនួន ១៩៦ប្រកួត ស៊ុតបញ្ចូលទីចំនួន ៨៤គ្រាប់ នេះគិត ការលេងនៅក្នុងលីគប៉ុណ្ណោះ៕