ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានជំរុញដល់កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសការនាំចូលពីប្រទេសជិតខាង
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បាននែនាំដល់កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងត្រីដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែមានលក្ខណៈសមរម្យ តាមរយៈការចិញ្ចឹមសត្វ និងត្រីនៅក្នុងសហគមន៍ ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក ជំនួសការនាំចូលពីប្រទេសជិតខាង។ លោកប្រធានមន្ទីរ បានថ្លែដូចនេះក្នុងពិធីចែកកូនត្រីដល់កសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលប្រព្រឹត្តទៅនៅឃុំស្រែព្រះ ស្រុកកែវសីមា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ លោក សុង ឃាង បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី ដែលជាកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការ IFAD ដូច្នេះ មន្ទីរកសិកម្ម បានសហការជាមួយអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា បានធ្វើឡើងនៅស្រុកកែវសីមា និងស្រុកកោះញែក លើការចិញ្ចឹមត្រី ជារួមនៅស្រុកកែវសីមា។ កម្មវិធី ASPIREនេះ មានប្រាំបណ្តុំ គឺបណ្តុំដំឡូងមី បណ្តុំស្វាយចន្ទី បណ្តុំចិញ្ចឹមមាន់ បណ្តុំចិញ្ចឹមជ្រូក និងបណ្តុំចិញ្ចឹមត្រីនេះតែម្តង ដែលអង្គការ ស៊ីអឌីធី ជាអ្នកអនុវត្តផ្ទាល់។ លោក បន្ថែមថា កម្មវិធីនេះ មានអ្នកទទួលផលចំនួន ២១១គ្រួសារ មានបង្កើតបណ្តុំចំនួន០៨ នៅឃុំស្រែខ្ទុម និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ហើយការបង្កើតជាបណ្តុំនេះ មន្រ្តីជំនាញ ក៏បានរៀបចំកិច្ចសន្យាទិញលក់ រវាងអ្នកផលិត អ្នកទិញ និងអ្នកលក់ធាតុចូលកសិកម្ម។ លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់បន្ថែមថា ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការកាត់បន្ថយ ការនាំចូលពីប្រទេសជិតខាង លោក បានជំរុញឱ្យកសិករទាំងអស់ ត្រូវខិតខំផលិត ចិញ្ចឹម សត្វ ត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ជំនួសការនាំចូលពីប្រទេសជិតខាង។ ហើយមន្ទីរជំនាញ និងអង្គការដៃគូរ ក៏បានផ្តល់ជាសំភារៈ និងរៀបចំអាងភ្ញាស់ និងបង្កាត់កូនត្រី ដើម្បីឱ្យកសិករទាំងអស់ អាចទាក់ទង យកមកចិញ្ចឹមបាន ចៀសវាងការនាំចូលពីបណ្តាខេត្តនានា និងប្រទេសជិត ខាង។ លោក បានណែនាំដល់កសិករទាំងអស់ ត្រូវខិតខំព្យាយាមចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក និងជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានលក្ខណៈសមរម្យ ហើយប្រសិនបើមានបញ្ហាផ្សេងៗ អាចទំនាក់ទំនងទៅមន្រ្តីជំនាញ ដើម្បីធ្វើការចុះពិនិត្យសិក្សា និងផ្តល់បច្ចេកទេសថ្មីៗបន្ថែមទៀត។
តាមរបាយការណ៍របស់ប្រធានសម្របសម្រួលកម្មវិធីអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (ស៊ីអឌីធី) លោក បូ រ៉ាវុធ បានឱ្យដឹងថា កម្មវិធីផ្តល់កូនត្រីដល់កសិករគំរូ និងសមាជិកបណ្តុំសម្រាប់គម្រោង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី មានគម្រោងរយៈពេល ០៨ខែ ដែលបានអនុវត្តន៍នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងនោះមាន៖ ក្នុងស្រុកកោះញែកមាន ២ឃុំ (អរបួនលើ និងស្រែសង្គម) និង ១០ភូមិ ដោយមានអ្នកទទួលផលចំនួន ១៧៥គ្រួសារ មានស្រ្តីចំនួន ៣៩នាក់។ ក្នុងស្រុកកែវសីមាមាន ២ឃុំ (ស្រែខ្ទុម និងស្រែព្រះ) និង ៩ភូមិ មានអ្នកទទួលផលចំនួន ២១១គ្រួសារ មានស្រ្តីចំនួន ៦៧នាក់ សរុបអ្នកទទួលផលមានចំនួន ៣៨៦គ្រួសារ ស្ត្រីចំនួន ១០៦នាក់៕ពលៈ