សម្ដេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនបង្កង, កូនត្រី និងត្រីមេពូជ ចម្រុះជាង ១លានក្បាល រួមទាំងប្រភេទវារីសត្វជិតផុតពូជ ចូលក្នុងអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ដើម្បីអបអរទិវាមច្ឆជាតិ ០១ កក្កដា
បន្ទាយមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម ។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅអាងត្រពាំងថ្មនាពេលនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីអំឡុងខែមីនា ឆ្នាំ២០០៦ ។ សម្តេចថា ការព្រលែងកូនត្រី និងត្រីមេពូជនេះ គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ១កក្កដានោះទេ គឺអាចធ្វើរាល់ថ្ងៃ ឱ្យតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។ ការដាំកូនឈើក៏ដូចគ្នាដែរ មិនមែនធ្វើតែនៅក្នុងរុក្ខទិវា៩កក្កដានោះទេ គឺអាចធ្វើបានរាល់ថ្ងៃ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវអនុវត្តន៍ឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយនោះ តាមអ្វីដេលសម្តេចបានដាក់ចេញនូវបទបញ្ជាកន្លងទៅនេះ។ សម្តេចតេជោ ក៏ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣ បន្តទៀត។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ដោយសារទឹកស្ទឹង ទន្លេ បឹងបួរ មានការរីងគោករាក់ជាបន្តបន្ទាប់ ដូច្នេះយើងត្រូវបន្តជំរុញលើកទឹកចិត្តឱ្យមានការបង្កើនផលត្រីរបស់យើងសម្រាប់បំពេញតម្រូវការតាមរយៈការបំផុសចលនាប្រជាពលរដ្ឋឱ្យភ្ញាស់កូនត្រី ព្រលែងកូនត្រី ចូលទៅក្នុងបឹងបួរ ទន្លេ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ សម្តេច បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ ត្រីឡើងថ្លៃ ត្រីរស់ ត្រីក្រាញ់ និងត្រីអណ្តែង ឡើងថ្លៃ តែថ្លៃសាច់ជ្រូក សាច់មាន់កសិកម្មចុះថោក រីឯមាន់ស្រែឡើងថ្លៃ ។ សម្ដេចថា ខ្មែរសម័យមុន ស៊ីយ៉ាងណាឱ្យតែឆ្អែត តែពេលនេះអត់ទេ ពួកគស៊ីឱ្យឆ្អែត និងឱ្យឆ្ងាញ់ តាមលទ្ធភាព ។ សម្ដេចតេជោ បានបន្តទៀតថា គ្មានការហាមឃាត់ការហូបចុកនោះទេ អញ្ចឹងទេ បានជាយើងប្រើវិធានការព្រលែងកូនត្រីឱ្យបានច្រើន ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រុញឱ្យមានការចិញ្ចឹមត្រីបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាស និងចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជន ក្នុងការដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្មនេះ ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយតំបន់នេះជាតំបន់ដែលគ្មានមីនតទៅទៀត។ ជាមួយគ្នាដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ដើម្បីដោះមីនឱ្យអស់ និងស្នើសុំដល់វិស័យឯកជនចូលរួម ធ្វើយ៉ាងណាឱ្យកម្ពុជាលែងមានគ្រាប់មីន។ សម្តេចបញ្ជាក់ថា ចាប់ផ្តើមប្រកាសដាក់ខេត្ត ដាក់ស្រុក ដាក់ឃុំ អំពីការដោះមីនសុំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពិចារណាដាក់ថវិកា ក្នុងឆ្នាំ២០២៣ ជាដំណាក់កាល ដើម្បីបង្ហើយដោះមីនតែម្តង ។ សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំដាក់គម្រោងជួសជុលស្ពានដែលខូចខាតកន្លងមកដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោក៏បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងឱកាសនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានធ្វើការរិះគន់ទៅក្រុមប្រឆាំងមួយចំនួន ដែលតែងចោទប្រកាន់ដាក់បន្ទុកពីការបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈដែលពួកគេទាំងនោះ ក៏បានកាប់រានទន្ទ្រានដើម្បីកាន់កាប់ដីធ្លីបង្កបង្កើនផងដែរ។ សម្ដេចថា ការបាត់បង់ព្រៃឈើ គឺដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីធ្លីដែលរដ្ឋត្រូវកាត់ដីចេញពីគម្របព្រៃឈើជូន ។
សម្ដេចថា កំណើនប្រជាជន គឺជាកត្តាថយចុះនៃដីព្រៃកម្ពុជា មិនដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ។ ក្នុង១ឆ្នាំៗសម្ដេច ត្រូវកាត់ដីចេញពីគម្របព្រៃឈើ ដើម្បីចែកជូនប្រជាពលរដ្ឋ ដើម្បីធ្វើស្រែចម្ការ និងដាំដំណាំកសិឧស្សាហកម្មផ្សេងៗ។ សម្ដេច បញ្ជាក់ថា ដីមិនបានបាត់ទៅណានោះទេ តែត្រូវបានកែច្នៃឱ្យចេញជាប្រយោជន៍សម្រាប់ប្រជាជន។ សម្ដេចប្រាប់ឱ្យអ្នកតិទៀនសម្ដេចរឿងបាត់បង់ព្រៃឈើ បើចិត្តសឿងប្រគល់ដីដែលពួកគេមាន មកឱ្យរដ្ឋវិញ ដើម្បីឱ្យរដ្ឋដាំដើមឈើឡើងវិញ។ សម្ដេចថ្លែងសង្កត់ថា៖ ដីដែលអ្នកឯងកំពុងបង្កបង្កើនផលនោះហើយ ដែលបានពីការបាត់បង់ព្រៃឈើនោះ ។
ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣ករណី។ សម្តេចតេជោ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តទៀត ហើយសម្តេចតេជោបញ្ជាក់ថា ទោះចាក់ដល់ដូសទី២០ ក៏ដោយ ក៏រដ្ឋាភិបាលមិនយកលុយពីប្រជាជនខ្លួនដែរ ។
ទាក់ទងនឹងអ្នកបំពុលរឿងកូវីដ-១៩ នេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធនឹងការលើឡើងថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកោះកុង។ បើតាមសម្ដេច អ្នកបង្ហោះនោះឈ្មោះ អ៊ូ ខុង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហាមដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គមនោះឡើយ បើយកទៅលេងសើច ឬបំភ្លៃការពិត គឺមិនអាចរួចខ្លួននោះឡើយ គឺត្រូវតែអនុវត្តច្បាប់។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមានក្រយៅ ធ្វើនាយករដ្ឋមន្រ្តីយូរជាងគេនៅលើពិភពលោក មិនមែនតែនៅអាស៊ីទេ ហើយអ្នកខ្លះចង់ធ្វើនាយករដ្ឋមន្រ្តីស្រមៃ គឺបានត្រឹមតែស្រមៃ។
ជាមួយនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានសុំអធ្យាស្រ័យដល់ពលរដ្ឋដែលប្រេងឡើងថ្លៃ បង្កផលវិបាកដល់ពិភពលោកតែម្តង ដែលកើតចេញពីសង្គ្រាមរុស្ស៉ីវាយលើអ៊ុយក្រែន ។ សម្ដេចថា កាលពីថ្ងៃទី៣០ មិថុនា ហ្គាសឡើងថ្លៃជាង ៣០% អ្នកមានល្មមៗ សូមចាប់ផ្តើមប្រើប្រាស់ឡានអាគុយទៅ ដូចជា៖ ឡាន Prius ដើម្បីកាត់បន្ថយការចំណាយលើសាំង និងគ្រោះថ្នាក់តាមដងផ្លូវ អ្នកមានអាចបញ្ជាទិញឡានអាគុយវិញ ហើយហ្គារាសនានា សូមឱ្យមានការត្រៀមកន្លែងបញ្ជូលអាគុយវិញ ពេលនេះឡាវខ្វះ ស្រីលង្កាខ្វះ យើងមិនទាន់ខ្វះទេ តែយើងត្រូវត្រៀមឱ្យហើយ ដែលរឿងនោះមិនទាន់មកដល់ ។
ជាមួយនឹងការអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាស និងព្រលែងកូនត្រីប្រមាណជាង ១លានក្បាលចូលទៅក្នុងអាងទឹកត្រពាំងថ្មនាថ្ងៃនេះ ក្នុងបរិយាកាសរីករាយក្រៃលែង និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាមច្ឆជាតិទាំងអស់គ្នាឱ្យបានគង់វង្ស ៕ ដោយ វណ្ណលុក













