លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិក នឹងផ្តល់កញ្ចប់ជំនួយយោធាបន្ថែម ៨០០លានដុល្លារដល់អ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ សហរដ្ឋអាមេរិកនឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីចំនួន ៨០០លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន ខណៈការផ្តល់នេះធ្វើឱ្យចំនួនសរុបកើនជិត ៧ពាន់លានដុល្លារ។
លោក បៃដិន បានអះអាងបែបនេះនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលក្នុងនោះ ប្លុកប្រទេសចំនួន ៣០បានយល់ព្រមលើក្របខ័ណ្ឌយុទ្ធសាស្រ្តថ្មីមួយ ដែលផ្តោតលើការគំរាមកំហែងដោយផ្ទាល់ពីសំណាក់រុស្ស៊ី ហើយនេះជាលើកដំបូង ដែលណាតូទទួលស្គាល់បញ្ហាប្រឈម ដែលបង្កឡើងដោយអ្វីដែលថ្នាក់ដឹកនាំទាំងអស់ពណ៌នាថា ជាគោលនយោបាយបង្ខិតបង្ខំរបស់ចិន។
ស្របពេលជាមួយគ្នានោះដែរ លោក បៃដិន និយាយថា ជំនួយនេះ ដែលនឹងត្រូវប្រកាសនាប៉ុន្មានថ្ងៃខាងមុខ នឹងរួមបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ និងកាំភ្លើងធំផងដែរ ខណៈអ៊ុយក្រែនបន្តប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ដុនបាស់ ភាគខាងកើត។ លោកថា សហរដ្ឋអាមេរិកកំពុងប្រមូលផ្តុំពិភពលោកឲ្យឈរជាមួយអ៊ុយក្រែន ដោយបន្តការគាំទ្រ ដរាបណាពួកគេត្រូវការ ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា



