ប្រមុខការទូតរុស្ស៊ី៖ វាំងននដែកថ្មីមួយកំពុងលេចឡើងក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ ថ្លែងថា “វាំងននដែក” ថ្មីមួយកំពុងធ្លាក់ចុះសម្រាប់ទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសបេឡារូស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ឡារូវ បានបញ្ជាក់ថា ដំណើរការបានចាប់ផ្តើម សម្រាប់ការបិទវាំងននដែកថ្មីរវាងរុស្ស៊ី និងប្រទេសជិតខាងលោកខាងលិច។
លោកថា ចំពោះវាំងននដែកដែលមានការព្រួយបារម្ភ… វាបានចូលមកដល់ហើយ។ រុស្ស៊ីលែងជឿទុកចិត្តសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបលើអ្វីៗទាំងអស់ ចាប់ពីពេលនេះតទៅ។ លោកបន្ថែមថា ចំពោះវាំងននដែកដែលសំខាន់ វាបានធ្លាក់ចុះរួចទៅហើយ… គេគួរតែប្រយ័ត្នកុំឲ្យប៉ះអ្វីទាំងអស់។
ការព្រមានខាងលើនេះ បានកើតមានឡើងបន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាលើរុស្ស៊ី ជាការសងសឹកចំពោះលោក ពូទីន ដែលបញ្ជាឲ្យកងទ័ពចូលលុកលុយក្នុងប្រទេសអ៊ុយក្រែន ហើយលោកខាងលិចបានចាប់ផ្តើមផ្តល់អាវុធដល់ទីក្រុងកៀវ ដើម្បីវាយតបតវិញ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា


