កម្មសិក្សាការីចំនួន ១១០នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន ថ្នាក់កងអនុសេនាតូច កងអនុសេនាធំ កាំភ្លើងធំកងទ័ពជើងគោក

ខេត្តកំពង់ឆ្នាំង ៖ នៅបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នថ្នាក់កងអនុសេនាតូច កងអនុសេនាធំ កាំភ្លើងធំកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ។

ក្នុងមតិស្វាគមន៍របស់ឧត្តមសេនីយ៍ត្រី រ័ត្ន វណ្ណេត មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក បានឧទ្ទេសនាមស្តីពីតួនាទី ភារកិច្ចស្នូលបញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីបញ្ជាការ ការងារហ្វឹកហ្វឺន រួចមក លោកវរសេនីយ៍ឯក ហេង សុធា មេបញ្ជាការរង ប្រធានទទួលបន្ទុកហ្វឹកហ្វឺន បញ្ជាការដ្ឋានកាំភ្លើងធំ បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានថ្នាក់កងអនុសេនាតូច-កងអនុសេនាធំ កាំភ្លើងធំកងទ័ពជើងគោក ត្រូវបានបែងចែកជា ០៣ថ្នាក់ រួមមាន៖ ថ្នាក់ស៊ើបការណ៍ សិក្សារយៈពេល ៦១ថ្ងៃ សិក្សាលើមុខវិជ្ជាអប់រំចិត្តសាស្ត្រ , ឋានលេខា និងឧបករណ៍ , មុខវិជ្ជាស៊ើបការណ៍ វាស់វែង , មុខវិជ្ជាបាញ់ និងត្រួតពិនិត្យលទ្ធផល ។ ថ្នាក់កាំភ្លើងធំអូសសណ្តោង ( ១២២ដេ៣០) សិក្សារយៈពេល ៦១ថ្ងៃ សិក្សាមេរៀន អប់រំចិត្តសាស្ត្រ , ឋានលេខា ឧបករណ៍ , មុខវិជ្ជាវាស់វែង , មុខវិជ្ជាសព្វាវុធ , និងការងារទីតាំង និងថ្នាក់កាំភ្លើងធំធុនលីសែង ( ត្បាល់ ដេការ ) សិក្សារយៈពេល ៦១ថ្ងៃ មេរៀនរួមមាន អប់រំចិត្តសាស្ត្រ , ឋានលេខា ឧបករណ៍ , មុខវិជ្ជាវាស់វែង , កាំភ្លើងធំ ( ត្បាល់ ) , កាំភ្លើងបាញ់បុក ( ដេកា ) មុខវិជ្ជាយុទ្ធវិធី និងត្រួតពិនិត្យលទ្ធផល ។ មានសិក្ខាកាមសរុប ១០០នាក់ គ្រូយោធាចារ្យ ១០នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ចាប់បើកពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់ នៃវគ្គដែលដំណើរការបើកនាពេលនេះ ដើម្បីឲ្យនាយទាហានយើងបានយល់ពីតួនាទីដឹកនាំបញ្ជា ជំនាញ និងចេះធ្វើគំរោងផែនការប្រតិបត្តិការកាំភ្លើងធំ និងជាសេនាធិការឲ្យមេបញ្ជាការ និងចេះប្រើឧបករណ៍កាំភ្លើងទំនើប ក្នុងការគិតគូរពីទិន្ន័យ ការបាញ់លឿន រហ័ស និងចេះធ្វើផែនការប្រើប្រាស់កាំភ្លើង ចេះចាត់តាំងហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធគ្រប់កាលៈទេសៈនៅលើគ្រប់សមូរភូមិផងដែរ ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ សិក្ខាកាមទាំងអស់បានសហការណ៍ល្អធ្វើឲ្យវគ្គនេះដំណើរការបើកតាមការគ្រោងទុក ។ ឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តទៀតថា ស្ថិតនៅបរិបទកូវីដ ១៩ រាតត្បាតជាសកល ការងារហ្វឹកហ្វឺនបានដំណើរការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ចេះដឹកនាំបញ្ជា និងប្រើប្រាស់មានប្រសិទ្ធភាពនូវឧមករណ៍សព្វាវុធថ្មីៗ ធ្វើជាមូលដ្ឋានក្នុងការងារត្រៀមប្រយុទ្ធក៍ដូចជាការងារហ្វឹកហ្វឺនដល់អង្គភាពរបស់ខ្លួន ។

ឧត្តមសេនីយ៍ឯក ពៅ សុខា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់លើកកំពស់ស្មារតី ខិតខំសិក្សារៀនសូត្រ ទាំងខ្លឹមសារ និងទ្រឹស្ដី រួមទាំងការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ និងលើទីលាន ។ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង យោធាចារ្យខិតខំរិៈរកវិធីសាស្ត្របង្រៀនផ្ទេរចំណេះដឹងដល់សិក្ខាកាមពេលបញ្ចប់វគ្គទទួលលទ្ធផលបានល្អ ៕ ប្រភព ៖ កងទ័ព

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner