គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នឹងលើកស្ទួយអេកូទេសចរណ៍ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើ
ខេត្តសៀមរាប ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានចូលរួមធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងអំណោយផលដើម្បីលើកកម្ពស់អេកូទេសចរណ៍ និងខ្សែសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ។
លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»បានថ្លែងបែបនេះក្នុងពេលបំពេញទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងបឹងទន្លេសាប រយៈពេល៣ថ្ងៃពោល គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
លោកបានមានប្រសាសន៍ថា “គម្រោងមួយនេះបានអនុវត្តចំនួន ៦ឆ្នាំដោយបានចាប់ផ្តើមពីឆ្នាំ២០១៩ដោយអនុវត្តនៅខេត្តចំនួន ៧ រួមមានខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់,បាត់ដំបង សៀមរាប និងកំពង់ធំ ។ យើងមានថវិកាសរុបជិត ៦០លានដុល្លារ”។
ទាក់ទិនក្នុងរឿងនេះ លោក ខៀវ បូរិនបានលើកឡើងដោយបញ្ជាក់ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»ដែលកំពុងអនុវត្តដោយ ក្រសួងបរិស្ថានកំពុងបោះជំហានដោយជោគជ័យ។ ព្រមជាមួយគ្នាវាក៏ទាមទារចាំបាច់ដោយឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទាំងនោះ តាមរយៈការកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ ដូចជាការចូលកាប់ឆ្ការព្រៃ តាមបែបប្រពៃណី ដើម្បីដាំដំណាំ និងការបរបាញ់សត្វជាដើម ។ល។
លោកបានមានប្រសាសន៍ថា “ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន”។
គួរបញ្ជាក់ថា ក្រោមការគាំទ្រពីធនាគារពិភពលោក, ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) គម្រោងមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ ។
បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន ៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃដីសរុប ៧,៣លានហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធ្មជាតិបាន ១៨២ទីតាំង និងមានសហគមន៍ខ្លះមានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ថែមទៀត ៕ ដោយ ៖ ម៉ាដេប៉ូ










