រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សា (គ.អ.ស.ស) (Video inside)
ភ្នំពេញ ៖ នាយដ្ឋានសុខភាពសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងស្ដីពី សុខភាពសិក្សា ក្រោមវត្តមានឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សាមកពី២៤ រាជធានី-ខេត្ត. នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅ
សណ្ឋាគារភ្នំពេញ ។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងស្ដីពីសុខភាពសិក្សានាពេលនេះគឺ ក្នុងគោលបំណងដើម្បីពិនិត្យមើលតាមផ្នែក និងបញ្ចូលបន្ថែមនូវធាតុចូលពីឯកឧត្ដម លោកជំទាវ មកពីគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុម័តផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សាឆ្នាំ២០២១-២០៣០ ព្រមទាំងលើកកម្ពស់គុណភាពសុខភាពសិក្សា និងពិនិត្យមើលនូវគោលនយោបាយ ក៏ដូចជាអន្តរាគមន៍ ពាក់ព័ន្ធនានា ដែលមានចរិតជាអន្តរវិស័យ និងទាមទារនូវការចូលរួមសហការ ពីឯកឧត្ដមលោកជំទាវ លោក លោកស្រីមកពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងការសហការពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ហើយដាក់ចេញជាផែនការសកម្មភាព ដោយកំណត់យ៉ាងច្បាស់ពីគោលនយោបាយរបស់ស្ថាប័នទទួលខុសត្រូវ ដើម្បីកែលម្អគុណភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ៕ ដោយ -រ៉ាវុធ











