ព្រះវិហារមរតក ប៊ុន ស៊ាងលី បានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅក្នុងវត្តស្លែង ស្រុកគីរីវង់ ខេត្តតាកែវ
តាកែវ ៖ សំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃ នៃព្រះវិហារវត្តស្លែង មានទទឹង១២ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ កម្ពស់ ៣៣ម៉ែត្រ ជាសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនា រចនាបទខ្មែរនាសម័យឧត្តុង្គ និងសម័យចតុមុខ បូកបញ្ចូលគ្នា ដែលទើបស្ថាបនាសាងសង់ហើយរួចរាល់ជាស្ថាពរ ចំណាយអស់ថវិកា ៨សែន២ម៉ឺន៧៣០ដុល្លារ រួមទាំងសមិទ្ធផលសាសនាដ៏ទៃទៀត ចំណាយអស់ថវិកាសរុប ១លាន២ម៉ឺន៥ពាន់២៣០ដុល្លារ បានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា តាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល៤យប់៥ថ្ងៃ ពីថ្ងៃសុក្រ៣កើត ដល់ថ្ងៃអង្គារ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានលើកឧទ្ទិសមហាសមិទ្ធផល នៃសំណង់ស្ថាបត្តកម្មព្រះវិហារថ្មី ក្នុងវត្តស្លែង និងទីអារាមវត្តស្លែងថា ព្រះវិហាមរតក ប៊ុន ស៊ាងលី ចាប់ពីពេលនេះតទៅ ។
នៅក្នុងពិធីតាមបែបសាសនា ដែលដឹកនាំដោយសម្តេចព្រះពោធិវង្ស អំ លីម ហេង សង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរ័ត្ន ណយ ច្រឹក សង្ឃនាយករងទី២ នៃព្រះរាៈជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ លោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រ និងចៅៗ ដោយមានការប្រារព្ធពិធីក្រុងពាលី ពិធីដង្ហែរដុំនិម្មិតសីមាចូលទៅកាន់ព្រះវិហាថ្មី ។ ពិធីអភិសេកព្រះពុទ្ធរូប និងគំនូរបុរាណក្នុងព្រះវិហារ និមន្តព្រះសង្ឃ១៣៧អង្គ ធ្វើសីមាកម្មក្នុងព្រះវិហារថ្មី។
សូមបញ្ជាក់ថា វត្តស្លែង ជាវត្តចាស់បុរាណមួយ ក្នុងចំណោមវត្តចាស់ៗ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានអាយុកាលជាង ៣០០ឆ្នាំមកហើយ ដែលមានទទឹង១៥០ម៉ែត្រ បណ្តោយ២៤០ម៉ែត្រ មានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិស្លែង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។ វត្តស្លែងគឺជាទីអារាមដ៏មានវ័យចំណាស់មួយ ក្នុងចំណោមទីអារាមចាស់ៗ ក្នុងស្រុកគីរីវង់ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១៦ នៃគ្រឹៈសករាជ១៦២២ នេះបើយោងតាមសិលាចារិកលើ ចេតីយ៍បុរាណ និងវត្ថុបុរាណមួយចំនួន ដូចជាប្រាកឌួង និងដុំសីមាចាស់ដែលប្រទះឃើញ នៅក្នុងអន្លងសីមាព្រះវិហាចាស់សម័យដើម ដែលបុព្វបុរសជំនាន់នោះ បានបញ្ចុះ ព្រមទាំងឯកសាររស់ ពីព្រឹទ្ធាចារ្យចាស់ទុំដំណាលតៗគ្នា។
វត្តនេះកសាងឡើងលើកំពូលភ្នំមួយឈ្មោះថា ភ្នំជីងចក់ ហើយភ្នំនេះសំបូរទៅដោយដើមស្លែងធំៗ ទើបព្រះគ្រូចៅអធិការ ព្រមទាំងចាស់ព្រឹទ្ធាចារ្យដែលជាស្ថាបនិកវត្តនេះដំបូង ឯកភាពគ្នាប្រសិទ្ធនាមឈ្មោះ វត្តស្លែង ចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។ ក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន វត្តស្លែង បានដឹកនាំកសាងឆ្លងកាត់ព្រះចៅអធិការចំនួន ៤ព្រះអង្គ ក្នុងនោះព្រះចៅអធិការជំនាន់ទី១ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩៣ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ណំ ហេង។ ព្រះចៅអធិការជំនាន់ទី២ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រំនាមឌុច សារុន។ ព្រះចៅអធិការជំនាន់ទី៣ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ធរ ចាន់បុនធឿន និងព្រះចៅអធិការជំនាន់ទី៤ ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ហៀម វង្ស។
ក្រោមការដឹកនាំរបស់ព្រះរតនចារី ហៀម វង្ស ជាព្រះចៅអធិការ រួមជាមួយព្រះសង្ឃ លោកអាចារ្យ គណៈកម្មការបានផ្តួចផ្តើម កសាងសមិទ្ធផលនានាក្នុងវត្តស្លែង ក្នុងនោះរួមមាន សាលាធម្មសភា ១ខ្នង ចំណាយអស់ថវិកាជាង ២៩ម៉ឺនដុល្លារ ជួសជុលព្រះវិហារចាស់ឡើងវិញ ចំណាយអស់ថវិកា ១ម៉ឺន៧ពាន់៩០០ដុល្លារ រៀបការ៉ូឡាជុំវិញព្រះវិហារ និងសាលាធម្មសភា អស់ថវិកា១ម៉ឺន៣ពាន់៥០០ដុល្លារ សាងសង់ក្លោងទ្វារ អស់ថវិកា ១ម៉ឺន៣ពាន់ដុល្លារ ជីកស្រះទឹក ទទឹង៤៥ម៉ែត្រ បណ្តោយ៧៥ម៉ែត្រ ជំរៅ៣ម៉ែត្រ អស់ថវិកា ១ម៉ឺន៥ពាន់ដុល្លារ រួមទាំងកសាងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកាសរុប ៣សែន៩ម៉ឺន៦ពាន់៧៩០ដុល្លារអាមេរិក សមិទ្ធផលទាំងអស់នេះ កើតចេញដោយសទ្ធាជ្រះថ្លារបស់សប្បរសជនក្នុងនិងក្រៅប្រទេស រួមមាន៖ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភ គីម ទូច ព្រមទាំងបុត្រ និងចៅៗ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅៗ ឯកឧត្តម តាន់ បញ្ញាវុធ និងលោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រ និងចៅៗ។
សូមបញ្ជាក់ថា ព្រះវិហារមរតក ប៊ុន ស៊ាងលី និងសមិទ្ធផលនានា ក្នុងទីអារាមវត្តស្លែង នឹងប្រារព្វពិធីបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងដើម្បីវេរប្រគេនព្រះសង្ឃទុកជាសម្បត្តិគរុភណ្ឌជាតិ នៅថ្ងៃទី៥កក្កដា ដោយបានការអញ្ជើញជាអធិបតីពី ឯកឧត្តម ឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕ ដោយ វណ្ណលុក



























