ការកំណត់តំបន់គ្រប់គ្រង ជាផ្នែកមួយសំខាន់សម្រាប់ការអភិរក្សធនធានធម្មជាតិក៏ដូចជាអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន

ខេត្តសៀមរាប ៖ ការកំណត់តំបន់គ្រប់គ្រងដែលជាតំបន់ត្រូវការពារ អភិរក្ស ឬក៏សម្រាប់ប្រើប្រាស់អាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ គឺជាបញ្ហាមួយសំខាន់សម្រាប់ការអភិរក្សធនធានធម្មជាតិក៏ដូចជាអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

ក្នុងដំណើរបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននិងបឹងទន្លេសាបចាប់ពីថ្ងៃទី ២៨-៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាបានលើកឡើងដោយបញ្ជាក់ថា ក្នុងការកំណត់តំបន់ពិតជា មានសារៈសំខាន់ណាស់របស់ក្រសួងបរិស្ថានដោយក្នុងនេះបានបង្ហាញពីភាពជាក់លាក់ថាតើតំបន់ណាខ្លះដែលរាជរដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនឱ្យចូលវាតទី លើកលែងតែករណីពិសេសដែលទទួលបានការអនុញ្ញាតិ ពីក្រសួងបរិស្ថានដូចជា៖អ្នកស្រាវជ្រាវ អ្នកសិក្សា ដែលតំបន់នេះគេហៅថាតំបន់ស្នូល និងតំបន់អភិរក្ស ។ សម្រាប់តំបន់២ទៀតគឺតំបន់ប្រើប្រាស់ដោយចិរភាព និងតំបន់សហគមន៍ ដោយតំបន់នេះពលរដ្ឋអាចអាស្រ័យផល និងប្រើប្រាស់បាន។

ឯកឧត្តមបានធ្វើការពន្យល់ថា តំបន់ប្រើប្រាស់ដោយចិរភាព ជាទូទៅគឺក្រសួងបរិស្ថានអនុញ្ញាត្តិឱ្យបង្កើតសហគមន៍និងក្រសួងផ្តល់ដីតំបន់នោះឱ្យប្រជាសហគមន៍អាស្រ័យផលនិងចូលរួមការពារ ហើយនិងអភិរក្ស ។ ចំណែកតំបន់សហគមន៍វិញគឺជាដី ភូមិ របស់ប្រជាជន ដែលដីនោះគាត់មានកម្មសិទ្ធ ប្លង់ ហើយអាចប្រើប្រាស់ទៅតាមដូនតារបស់គាត់។ ឯកឧត្តមបានបញ្ជាក់ថាការកំណត់តំបន់គ្រប់គ្រងនេះមានសារៈសំខាន់ណាស់ ហើយការកំណត់តំបន់នេះមានច្រើនដូចជានៅតំបន់ក្រវ៉ាញ តំបន់ឱរ៉ាល់ជាដើម។

រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមក្នុងការកែសម្រួលព្រំប្រទល់តំបន់ធម្មជាតិនីមួយៗឡើងវិញ ដោយរៀបចំកំណត់ជាបួនតំបន់គ្រប់គ្រង ទី១ តំបន់សហគមន៍ ជាដីភូមិករ និងដីស្រែចម្ការចាស់របស់ប្រជាពលរដ្ឋ។ ទី២ តំបន់ប្រើប្រាស់ដោយចីរភាព ជាដីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ទី៣ តំបន់អភិរក្ស និងទី៤ តំបន់ស្នូល ជាដីព្រៃឈើ ជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ី ស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ថា ការកំណត់តំបន់គ្រប់គ្រងដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹងជាក់លាក់ដល់ប្រជាសហគមន៍ ក៏ដូចជាអាជ្ញាធរពី ព្រំប្រទល់តំបន់របៀងអភិរក្សជីវចម្រុះ ដែលមិនប៉ះពាល់ជាមួយប្រជាជន និងកំណត់ជាតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិនីមួយៗ។ក្រៅពីនេះក៏ ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់ដី ស្នើសុំចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិ ស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងបទប្បញ្ញត្តិ-លិខិតបទដ្ឋានគតិយុត្តជាធរមាន។ព្រមជាមួយគ្នាក៏វាផ្តល់ភាពងាយស្រួលដល់ពលរដ្ឋបានដឹងជាក់លាក់ ហើយមិនហ៊ានប៉ះពាល់ដល់ដីធនធានធម្មជាតិដែលរាជរដ្ឋាភិបាលត្រូវការអភិរក្សនិងកិច្ចការពារ ដូចជាតំបន់ស្នូល និងតំបន់អភិរក្សផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner