កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី
រតនគិរី ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តរតនគិរី គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការ
ងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់ខ្លួន។ កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិ
កា នៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុក ទាំង ៩ផងដែរ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖
១- មតិសំណេះសំណាល និង បើកកិច្ចប្រជុំ ដោយ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា។
២- បទបង្ហាញរបាយការណ៍សកម្មភាពទាំងពីរដោយនាយកសាខា។
៣- បទបង្ហាញ សេចក្តីសម្រេចនិងការប្រព្រឹត្តិទៅរបស់សាខា។
៤- ផ្សេងៗ។
៥- ការបូកសរុប និង បិទកិច្ចប្រជុំ ដោយ ឯកឧត្តម ញ៉ុម សំអឿន ប្រធានគណៈកម្មាធិការសាខា។
បន្ទាប់ពីអង្គប្រជុំបានតាមដានស្តាប់នូវអានរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុដែលលើកឡើង ដោយ លោក ឌឹម ណាត នាយកប្រតិបត្តិសាខា រួចមក ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារមនុស្សធម៌ប្រកបដោយសកម្មភាពរស់រវើកមានការវិវត្តន៍ពីមួយជំហ៊ានទៅមួយជំហ៊ាន ធ្វើឲ្យសាខាទទួលបាននូវជោគជ័យគួរឲ្យកត់សម្គាល់ពិសេសការងារផ្សព្វផ្សាយពីវិធានការទប់ស្កាត់កូវីដ-១៩ ។
ឯកឧត្តមក៏បានថ្លែងនូវការអរគុណចំពោះការចូលរួមរបស់គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មភាពដែលបានអនុវត្តកន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រ ទស្សនៈវិស័យ និងបេសកកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់អនុសាខា ទាំង ៩ក្រុង ស្រុក ត្រូវចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិ ត្រូវជួយ កៀរគរបន្ថែម និយាយជារួមផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូលរបស់សាខា និងអនុសាខាទាំងអស់បានអនុវត្តន៍តាមវិស័យស្នូលទាំង៤ ឲ្យមានដំណើរការល្អស្របតាមអាណត្តិការងារ ៕ ដោយ គតិ យុត្ត






